ខណៈទទួលបានផ្លូវល្អ មន្រ្តីអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវសូមចូលរួមថែរក្សាផង

បាត់ដំបង៖ទោះជាមិនទាន់បានក្លាយទៅជាផ្លូវក្រាលកៅស៊ូនៅឡើយក្តី តែផ្លូវជនបទមួយខ្សែ​ប្រវែងជាង១០គីឡូម៉ែត្រ​ ទទឹងប្រាំម៉ែត្រ ស្ថិតឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏បានទទួលការងារ​ថែទាំខួបដោយក្រាលកម្ទេចថ្ម អនុវត្តតាមស្តង់ដាបច្ចេកទេសដែរ។ ការយកចិត្តទុកដាក់នេះបានជួយផ្ទាល់ដល់​ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការធ្វើ ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅតំបន់ដទៃ។

ពិនិត្យមើលលទ្ធផលការងារថែទាំខួបឯកឧត្ដម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មក្នុងសប្ដាហ៍នេះបានដឹកនាំគណៈកម្មការអន្តរ​ក្រសួងចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំផ្លូវខួប ប្រវែងជាង១០គីឡូម៉ែត្រ​ ទទឹងប្រាំម៉ែត្រ ស្ថិតឃុំសិរីមានជ័យ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

គណៈកម្មការអន្តរក្រសួងបានត្រួតពិនិត្យរួមគ្នា និងបានវាយតម្លៃថា ការដ្ឋាន​នេះ​មានគុណភាពត្រឹមត្រូវតាមស្ដង់ដា​បច្ចេកទេសដែលក្រសួងបានកំណត់។

ប៉ុន្តែទន្ទឹមទទួលបានផ្លូវល្អសមរម្យក្តី ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានណែនាំនិង ជំរុញដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង មន្ត្រីជំនាញ បន្តយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យតាមដានជាប្រចាំពីគុណភាពផ្លូវ នៅពេលប្រើប្រាស់។ឯកឧត្តមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវពិសេស​បណ្តាក្រុមហ៊ុនដឹកជញ្ជូននានា សូមជួយ
ថែមរក្សាផ្លូវផង។កុំដឹកធ្ងន់លើសកម្រិតទម្ងន់ ដែលបានហាមឃាត់ ៕


អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner