កូរ៉េខាងត្បូងលុបចោលសមយុទ្ធដែនសមុទ្រជាមួយជប៉ុន
សេអ៊ូល ៖ កូរ៉េខាងត្បូងបានជូនដំណឹងដល់ជប៉ុន អំពីចេតនារបស់ខ្លួន ក្នុងការលុបចោលការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ដែលគ្រោងធ្វើនៅក្នុងខែវិច្ឆិកានេះ។
យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង, ដំបូងឡើយ ប្រទេសទាំងពីរមានផែនការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ក្នុងគោលបំណងហាត់ហ្វឹកហ្វឺនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៃកងកម្លាំងការពារខ្លួន ផ្នែកដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកកូរ៉េខាងត្បូង។ ប៉ុន្តែអ្វីៗមិនបានដំណើរការដូចការគ្រោងឡើយ ស្រាប់តែពេលនេះ ខាងភាគីកូរ៉េខាងត្បូងបានជូនដំណឹងដល់ប្រទេសជប៉ុននៅខែនេះវិញថា ខ្លួននឹងលុបចោលការធ្វើសមយុទ្ធនេះវិញ ហើយក៏បានបញ្ជាក់ពីមូលហេតុអ្វីដែរ។
ទោះបីជាយ៉ាងណា យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន NHK, រឿងនេះកើតឡើងបន្ទាប់ពីយន្តហោះកងទ័ពអាកាសកូរ៉េខាងត្បូង ដើមឡើយ គ្រោងចូលចាក់ប្រេងនៅឯមូលដ្ឋានទ័ពអាកាស Naha របស់ជប៉ុន នៅក្នុងខេត្ត Okinawa នាដើមខែវិច្ឆិកានេះ។ ប៉ុន្តែផែនការនេះ ត្រូវបានលុបចោល ក្រោយយន្តហោះនេះបានហោះហើរនៅជិតកោះ Takeshima ដែលជាដីកោះបង្កភាពតានតឹងរវាងប្រទេសទាំងពីរ។
ក្រោយមកទៀត យោធាកូរ៉េខាងត្បូងបានប្រាប់ភាគីជប៉ុនថា ខ្លួនក៏នឹងលុបចោលការបញ្ជូនក្រុមតន្រ្តីយោធាទៅចូលរួមព្រឹត្តិការណ៍មួយ ដែលរៀបចំដោយក្រសួងការពារជាតិជប៉ុន ជាផ្នែកមួយនៃការផ្លាស់ប្តូរទំនាក់ទំនងយោធាទ្វេភាគីផងដែរ។ ប្រភពព័ត៌មានកំពុងសម្តែងការព្រួយបារម្ភថា ស្ថានការណ៍វិវត្តទាំងនេះអាចនឹងបង្កការល្អក់ករកដល់ទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងឡើង ខណៈដែលរដ្ឋាភិបាលទាំងពីរមានគម្រោងរក្សាទំនាក់ទំនងរវាងមន្រ្តីការពារជាតិរបស់ពួកគេ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា