អភិបាលខេត្តកំពង់ចាម អំពាវនាវសូមចូលរួមថែរក្សា ការពារធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម

កំពងចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍​ទាំងអស់បន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ​ ការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់​បទល្មើសធនធាន ធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត។ឯកឧត្តមបានថ្លែងបែបនេះក្នុងវេទិការវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល​ប្រចាំខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់សមាគម អង្គការសង្គម ស៊ីវិលប្រចាំខេត្តកំពង់ចាមបន្តចូលរួមឱ្យ​កាន់តែសកម្មក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និង​ការចូលរួមគាំទ្រការកសាងសមត្ថភាព ដល់មន្ត្រីនៅរដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ ការបន្តចូលរួម ពង្រឹង​គណនី​ភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព បរិយាបន្ន និងមានប្រសិទ្ធភាព ។

ឯកឧត្តមអភិបាលខេត្តបានទាញអារម្មណ៍អ្នកចូលរួមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើត ឡើង​ស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាព​មនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យ​ធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬ យកកម្រៃមកចែកគ្នានោះឡើយ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបាន ត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធ​ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវចាត់​វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាព បោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល ដើម្បី យកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលបានប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕
ដោយ៖លីពៅ

ads banner