ឡានក្រុងដឹកអ្នកដំណើរ៣៧នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បុកស្ពាន បណ្ដាលឱ្យស្លាប់១៣នាក់នៅខេត្តកំពង់ធំ
ភ្នំពេញ៖មនុស្សចំនួន១៣នាក់បានបាត់បង់ជីវិតនិង២៤នាក់ផ្សេងទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីរថយន្តក្រុងបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺនៅថ្ងៃទី២០ ខែវិច្ឆិកា ។
ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ទូរទស្សន៍អប្សរាថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហិនដាយ៤៥កៅអី ងងុយដេក។ ពេលមកដល់ចំណុចកើតហេតុក៏បានបុកស្ពានដោយខ្លួនឯងហើយធ្លាក់ចូលទឹកក្នុងជម្រៅ៧ម៉ែត្រ។
បើតាមឧត្តមសេនីយ៍ត្រី ហេង សុផល ក្រោយហេតុការណ៍ភ្លាមៗ អាជ្ញាធរបានស្ទូចយករថយន្តនោះឡើងមកលើគោកដោយប្រទះឃើញសាកសពចំនួន១៣នាក់ស្លាប់នៅក្នុងរថយន្ត ក្នុងនោះស្រីចំនួន៨នាក់ និងជួយសង្គ្រោះបានចំនួន២៤នាក់បញ្ជូនទៅមន្ទីរពេទ្យ។
ឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា បច្ចុប្បន្ន សាពសពទាំង១៣នាក់នោះត្រូវបានអាជ្ញាធរយកទៅតម្កល់នៅក្នុងវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្នងការនគរបាលខេត្តកំពង់ធំបានបន្តថា រថយន្តនោះបានធ្វើដំណើរពីខេត្តឧត្តរមានជ័យ សៀមរាប ឆ្ពោះមកទីក្រុងភ្នំពេញ៕
ដោយ៖សៅ សុខអេង





