អ៊ីស្រាអែលបន្តសម្លាប់មនុស្ស ២៧នាក់នៅហ្គាហ្សា អំឡុងបទឈប់បាញ់

ហ្គាហ្សា ៖ ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ចំនួន២៧នាក់ នៅតំបន់ហ្គាហ្សា អំឡុងបទឈប់បាញ់ ដ៏ផុយស្រួយ។

ក្រុមមន្ត្រីនៅតំបន់ហ្គាហ្សាបានអះអាងថា ការវាយប្រហារនេះ បានកើតមានឡើង ចំពេលដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទប្រកាន់គ្នា ទៅវិញទៅមក ពីបទរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងទឹកដីប៉ាឡេស្ទីន។

នេះគឺការវាយប្រហារ ស្លាប់មនុស្សច្រើនបំផុត នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន កាលពីខែមុនមក។ យោងតាមទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដី ដែលស្ថិតក្រោមអាជ្ញាធរហាម៉ាស មួយនេះ បានឲ្យដឹងថា មនុស្ស១៤នាក់ត្រូវបានសម្លាប់ នៅទីក្រុង Gaza ភាគខាងជើង និង ១៣ នាក់ ស្លាប់នៅតំបន់ Khan Yunis នៅភាគខាងត្បូង ។

មន្ទីរពេទ្យចំនួនពីរ ដែលត្រូវបានទាក់ទងសួរនាំដោយសារព័ត៌មាន AFP បានផ្តល់ព័ត៌មានអំពីតួលេខមនុស្សស្លាប់ ក្នុងចំនួនបែបនេះ ដូចគ្នា។

យ៉ាងណា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនវាយលុកលើក្រុមហាម៉ាស់ បន្ទាប់ពីពួកសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារ ឆ្ពោះទៅកាន់តំបន់មួយ នៅភាគខាងត្បូង ហើយចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

តែ ក្រុមហាម៉ាស់បានបដិសេធ ការចោទប្រកាន់នេះ ហើយបានបរិហារការវាយប្រហាររបស់អ៊ីស្រាអែល ថា ជា “ការកើនឡើងដ៏គ្រោះថ្នាក់” ដែលអាចបង្កគ្រោះថ្នាក់ ដល់បទឈប់បាញ់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner