នៅសារៈមន្ទីរជាតិ មានរៀបចំពិព័រណ៍ ស្តីពី”ទំនាក់ទំនងខ្មែរ ចិន តាមរយៈវប្បធម៌ និងសិល្បៈ
(ភ្នំពេញ)៖ ពិព័រណ៍ស្តីពី”ទំនាក់ទំនងខ្មែរ ចិនតាមរយៈវប្បធម៌ និង សិល្បៈ”ដែលបង្ហាញពីចំណងប្រវត្តិសាស្រ្តពីទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈរវាង ប្រទេសទាំងពីរ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសារៈមន្ទីរជាតិ ក្នុង រាជធានី ភ្នំពេញ។
គួរបញ្ជាក់ថា សារៈសំខាន់ នៃពិព័រណ៍នេះ ត្រូវបានគេបែងចែកជាប្រាំប្រធានបទធំៗ ដោយចាប់ផ្តើមបរិយាយពីបដិមា សំរឹទ្ធបុរាណសម័យមុនអង្គរ, ការបង្ហាញវត្តមាននៃជនជាតិចិនតាមចម្លាក់ប្រាសាទសម័យអង្គរ, ការចរាចរប្រាក់កាក់, កុលាលភាជន៍ចិនតាមរយៈពាណិជ្ជកម្ម និងការបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការកម្ពុជា ចិន ដែលបន្តដល់សម័យបច្ចុប្បន្នក្នុងការងារអភិរក្សនិងសិក្សាអំពី បេតិកភណ្ឌខ្មែរ ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ប្រាប់ក្នុងពិធីសម្ពោធបើកពិព័រណ៍ នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ពិព័រណ៍នេះ ជាប្រភេទពិព័រណ៍ពិសេសមួយដែលរៀបចំដាក់តាំងវត្ថុបុរាណទាក់ទងនឹងសិល្បៈចិន ដែលរួមមានសំរឹទ្ធ កុលាលភាជន៍ និងគ្រឿងលម្អសំណង់ពីឈើតាមផ្ទះ ឬទីសក្ការបូជាមួយចំនួនដែលសារមន្ទីរជាតិកម្ពុជារក្សាទុកមកជាច្រើនឆ្នាំកន្លងមកហើយ ។
លោក ឆាយ វិសុទ្ធ បន្តថា ក្នុងពិព័រណ៍នេះ គេក៏អាចស្វែងយល់ពីទំនាក់ទំនងផ្នែកវប្បធម៌ រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណ រហូតមកដល់ពេលបច្ចុប្បន្ន ។ គោលបំណងចម្បងនៃពិព័រណ៍នេះ គឺដើម្បីអបអរចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរចិន ហើយពិព័រណ៍លើកទី១ អាច ចាត់បានថាជាពិព័រណ៍ដំបូងនៅសារមន្ទីរជាតិកម្ពុជា ដែលបានដាក់តាំងបង្ហាញ នូវការប្រមូលផ្តុំនៃសិល្បៈចិន ដែលប្រទះឃើញនៅស្រុក ខ្មែរតាំងពីសម័យអង្គរដល់សម័យបច្ចុប្បន្ន ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានថ្លែងថា ៖ ការតាំងពិព័រណ៍នេះ គឺជាលើកទី១ដែលពាក់ព័ន្ធយុគសម័យបុរាណរវាងប្រទេសទាំងពីរ ហើយបានរៀបចំឡើងនៅប្រទេសកម្ពុជា។ នៅប្រទេសសចិន គេបានចាត់ទុកថា វត្ថុបុរាណមានសំណាង វត្ថុបុរាណចេះនិយាយ។ នាពេលនេះយើងបានមើលឃើញវត្ថុបុរាណរបស់ចិន មានទំនាក់ទំនងជិតស្និតជាមួយប្រទេសកម្ពុជាតាមរយៈពាណិជ្ជកម្ម ការរស់នៅ ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរតាំងតែពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យដឹងថា៖ពិព័រណ៍មួយនេះមិនត្រឹមតែឆ្លុះបញ្ចាំងលើផ្នែកសិល្បៈវប្បធម៌រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង រវាងប្រជាជនប្រទេសទាំងពីរ ដែលបានកសាងទំនុកចិត្តរវាងគ្នាអស់កាលច្រើនសតវត្សមកហើយលើគ្រប់វិស័យ ពិសេសកិច្ចសហប្រតិបត្តិការវប្បធម៌ ដែលបានបើកផ្លូវឱ្យប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាដែលទាក់ទងបេតិកភណ្ឌ រូបបិយ និងអរូបិយ ។
គួរបញ្ជាក់ថា ពិព័រណ៍នេះគេឃើញមានការដាក់តាំងបង្ហាញពីកុលាលភាជន៍ចិន និងបណ្តាញទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសកម្ពុជា,កុលាលភាជន៍នាំចូលដំបូងៗរបស់ចិននៅអាស៊ីអាគ្នេយ៍,កុលាលភាជន៍ចិនក្រោយសម័យអង្គរ,រូបព្រះពោធិ៍សត្វរបស់ព្រះនាងគង់អ៊ីម ,បដិមាសំរឹទ្ធចំនួន៧ ដែលត្រូវបានប្រទះឃើញនៅស្រុកជើងព្រៃខេត្តកំពង់ចាមកាលពីឆ្នាំ ២០០៦, ពួចរបស់ជនជាតិចិនផលិតនៅសតវត្សទី១៣ដល់សតវត្សទី១៩ជាដើម៕










ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត