សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករ ៤រូប ចូលរួមប្រកួតជើងឯកពិភពលោកជាលើកដំបូង
(ភ្នំពេញ)៖ ចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាករប្រដាល់សកលជម្រើសជាតិចំនួន ៤រូប ទៅចូលរួមក្នុងការប្រកួតកីឡាប្រដាល់សកលជើងឯកពិភពលោក ដែលដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់រួម។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ដែលសហព័ន្ធសម្រេចបញ្ជូនទៅចូលរួមការប្រកួតជើងឯកប្រដាល់សកលពីភពលោក នៅប្រទេសអារ៉ាប់រួម នាចុងខែវិច្ឆិកា ខាងមុខនេះ មានចំនួន ៤រូប រួមមាន កីឡាករ សៅ រង្សី ប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម .កីឡាករ វី សុភ័ស ប្រកួតលើទម្ងន់ ៦៧គីឡូក្រាម.កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ប្រកួតលើប្រភេទទម្ងន់៨០គីឡូក្រាម និងកីឡាករកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ប្រកួតលើប្រភេទទម្ងន់ ៩២គីឡូក្រាម។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ទៀតថា ការបញ្ជូនកីឡាករជម្រើសជាតិប្រដាល់សកលចូលរួមក្នុងការប្រកួតកីឡាប្រដាល់សកលជ្រើសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមនេះ គឺជាការបញ្ជូនទៅជាលើកទី១ អាចនិយាយបានថា ជាប្រវត្តិសាស្រ្តព្រោះកីឡាករប្រដាល់សកលកម្ពុជាពុំធ្លាប់បានចូលរួមពីមុនមកឡើយ ហើយ ការចូលរួមជាលើកដំបូងនេះ គឺជាចក្ខុវិស័យ និងទិសដៅសំខាន់របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងនូវគុណវុឌ្ឍរបស់កីឡាករក៏ដូចជាផ្តល់ឱកាសដល់កីឡាករបានចូលរួមការប្រកួតពិភពលោកទទួលបានបទពិសោធន៍បច្ចេកទេស និងបានដឹងអំពីកម្រិតសមភាពកីឡាករលំដាប់ពិភពលោក ។ ដ្បិតសហព័ន្ធប្រដាល់សកលកម្ពុជាចង់ពង្រឹងសមត្ថភាពឱ្យកីឡាករកាន់តែមានសក្កនុពល ដោយចូលរួមការប្រកួតឱ្យបានច្រើនជាការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ធំៗនៅកម្រិតអាស៊ីនាឆ្នាំ២០២៦ផងដែរ។
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ៤រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកពិភពក នៅប្រទេសអារ៉ាប់រួម នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សុទ្ធសឹងតែធ្លាប់ដណ្តើមបានមេដាយជូនកម្ពុជាពីការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ក្នុងនោះ កីឡាករ សៅ រង្សី ម្ចាស់មេដាយសំរឹទ្ធការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម. កីឡាករ វី សុភ័ស ម្ចាស់មេដាយ សំរឹទ្ធការប្រកួតកីឡាប្រដាល់សកលអន្តរជាតិនៅសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ២០២១. កីឡាករ ណាស្រេឌីនូវ អាន់វ៉ា ម្ចាស់មេដាយ២គ្រឿង ក្នុងនោះមេដាយប្រាក់ប្រកួតជើងឯកប្រដាល់សកលអាស៊ីឆ្នាំ២០២៤ និងមេដាយមាសដែលទើបដណ្តើមបានថ្មីៗនេះពីការប្រកួតប្រដាល់អន្តរជាតិនៅសាធារណរដ្ឋប្រជាមានិតចិនខណៈកីឡាករ រ៉ាចាពៅ អាប់ឌុលឡា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងជាម្ចាស់មេដាយប្រាក់ការប្រកួតកម្រិតអាស៊ី និងមេដាជាច្រើនទៀតផងដែរ៕






ដោយ ៖ ជាវ ចន្ធូ