ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បានជួយដោយផ្ទាល់ដល់រោងចក្រកិនស្រូវ និងកសិករ

បាត់ដំបង៖អ្នកប្រមូលទិញស្រូវ ពិសេសម្ចាស់រោងចក្រកិនស្រូវបានអះអាងថា​ ក្រោម​កម្មវិធីហិរញ្ញប្បទានពិសេស​របស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានផ្តល់លទ្ធភាពដោយផ្ទាល់ក្នុង
ការ​​​ប្រមូលទិញស្រូវពីប្រជាកសិករ។ជាក់ស្តែងរោងចក្រកិនស្រូវ-កែច្នៃអង្ករ ឡាយ សែ នៃក្រុមហ៊ុនស៊ីធី រ៉ាយ (City Rice)ស្រុកថ្មគោល ខេត្តបាត់ដំបង ​មាន​លទ្ធភាព​​ការប្រមូលទិញស្រូវពីកសិករក្នុងមួយថ្ងៃប្រមាណ២.០០០តោន។

ឯកឧត្តម ឡាយ សែ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិករោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយ សែ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជារោងចក្រដៃគូជាមួយរាជរដ្ឋាភិបាល​ ,រោងចក្រ​បានប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បីជួយប្រមូលទិញស្រូវពីកសិករឱ្យបានច្រើនបំផុត មិនឱ្យប្រឈមនឹងការរកទីផ្សារលក់ស្រូវ ។ឯកឧត្តម​​បន្ថែមថា រោងចក្របានប្រមូលទិញស្រូវផ្ការំដួល ពីប្រជាកសិករក្នុងចំនួនដ៏ច្រើន ដោយក្នុងមួយថ្ងៃយ៉ាងហោចណាស់ក្នុងរង្វង់ ២ពាន់តោន ហើយថ្ងៃខ្លះក៏លើស២ពាន់តោន។

ឯកឧត្តម ឡាយ សែ បញ្ជាក់បន្ថែមថា ក្រុមហ៊ុន ស៊ីធី រ៉ាយ (City Rice) នឹងបន្តការទិញស្រូវផ្ការំដួល​ដោយ​ទំនួល​ខុសត្រូវ និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ដើម្បី​រក្សា​ពូជស្រូវ​ដែលជាមរតក​ជាតិ​ខ្មែរ​។

សូមជម្រាបថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះតម្លៃស្រូវមានការធ្លាក់ចុះ ខណៈពេល​ដែលតម្លៃ​អង្ករលើទីផ្សារអន្តរជាតិក៏កំពុងមាននិន្នាការធ្លាក់ចុះ ,រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិ ចំនួន ៤០លានដុល្លារ​អាមេរិកបន្ថែមទៀតតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ។មូលនិធិនេះសម្រាប់ផ្តល់ឥណទានជាទុន
បង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ៕

អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner