អាមេរិកឲ្យអ៊ុយក្រែនកាត់បន្ថយទ័ព និងបោះបង់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីបញ្ចប់សង្រ្គាម
កៀវ៖ ផែនការសន្តិភាពថ្មីដ៏ភ្ញាក់ផ្អើលរបស់អាមេរិកដែលបែកធ្លាយ បានតម្រូវឲ្យ អ៊ុយក្រែន កាត់បន្ថយចំនួនកងទ័ព និងបោះបង់ចោល នូវអាវុធបាញ់បានរយៈចម្ងាយឆ្ងាយ ទើបអាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
យោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះ, ផ្អែកតាមផែនការដដែល អាមេរិកក៏បានបន្តដាក់សំពាធឲ្យអ៊ុយក្រែន កាត់ឆ្វៀលដីឲ្យរុស្ស៊ី ផងដែរ ដើម្បីដោះដូរសន្តិភាព។ បច្ចុប្បន្ន រុស្ស៊ីកាន់កាប់ ជុំវិញទឹកដីអ៊ុយក្រែន មួយភាគប្រាំ ដែលភាគច្រើន ត្រូវបានបំផ្លិចបំផ្លាញ ដោយសារការប្រយុទ្ធគ្នា។
ផែនការថ្មីនេះ ត្រូវបានទម្លាយឲ្យដឹង ខណៈដែលមានការវាយប្រហាររបស់រុស្ស៊ី នៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ២៦ នាក់ ក្នុងនោះ មានទាំងកុមារ បី នាក់។
សេចក្តីព្រាង នៃសំណើសន្តិភាព របស់សហរដ្ឋអាមេរិក ចង់ឲ្យមានការទទួលស្គាល់ គ្រីមៀ និង តំបន់ផ្សេងៗទៀត ដែលរុស្ស៊ីបានយក និង ការកាត់បន្ថយចំនួនកងទ័ព រហូតដល់៤០ម៉ឺននាក់ នេះបើតាមប្រភព ដែលដឹងពីផែនការនេះ តែ សុំមិនមានបង្ហាញអត្តសញ្ញាណ ហើយបានថ្លែងបានប្រាប់ សារព័ត៌មានបារាំង AFP ។ សំណើនេះក៏នឹងឃើញអ៊ុយក្រែន បោះបង់អាវុធរយៈចម្ងាយឆ្ងាយទាំងអស់។ តែ មន្ត្រីរូបនេះ បានបន្ថែមថា ភាពមិនច្បាស់លាស់សំខាន់មួយ គឺថា ពិតជាបំណងរបស់ លោក Donald Trump ឬ ជារបស់បេសកជនចរចា។ ប្រភពក៏មិនច្បាស់លាស់ ពីអ្វី ដែលរុស្ស៊ីត្រូវធ្វើ ដើម្បីតបស្នងវិញ នោះដែរ។
ជាការកត់សម្គាល់ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីទទួលបន្ទុក កងទ័ពអាមេរិក លោក Daniel Driscoll បានទៅដល់ទីក្រុង Kyiv ដើម្បីជួបជាមួយមន្ត្រីអ៊ុយក្រែន និងស្វែងរកមធ្យោបាយដោះស្រាយជម្លោះ។ លោក Driscoll បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denys Shmygal។
សារព័ត៌មាន Axios របស់អាមេរិក បានរាយការណ៍ថា ទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បាននិងកំពុងធ្វើការលើផែនការសម្ងាត់មួយ ដើម្បីបញ្ចប់សង្រ្គាម ជិត៤ឆ្នាំ។
យ៉ាងណា វិមានក្រឹមឡាំងបានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ដោយនិយាយថា មិនមានអ្វីថ្មី នៅក្នុងដំណើរការដោះស្រាយសន្តិភាព នោះទេ។
សំណើនេះ ហាក់ដូចជា ការនិយាយឡើងវិញ នូវលក្ខខណ្ឌដាច់ណាត់របស់រុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាម តែ ការទាមទារកាត់ឆ្វៀលដី តែងតែត្រូវបានច្រានចោលយ៉ាងខ្ជាប់ខ្ជួន ពីសំណាក់អ៊ុយក្រែន។
គំនិតផ្តួចផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានលេចលឺ ចំពេលដែលកាំជ្រួចរបស់រុស្ស៊ី បានវាយប្រហារទីក្រុង Ternopil ភាគខាងលិចឆ្ងាយពីជួរមុខ របស់អ៊ុយក្រែន ជាការវាយប្រហារដ៏សាហាវបំផុតមួយលើភាគខាងលិច ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើម នៅឆ្នាំ ២០២២ ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលប៉ុនប៉ង ពង្រឹងឡើងវិញ នូវការការចរចាសន្តិភាព ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសតួកគី កាលពីថ្ងៃពុធ តែ បានត្រឹមតែសោកស្តាយ បន្ទាប់ពី បេសកជនអាមេរិក ខកខានមិនទៅចូលរួមវិញ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត