លោក ត្រាំ លក់យន្តហោះ F-35 ឱ្យអារ៉ាប៊ីសាអ៊ូឌីត មានមុខងារទំនើបតិចជាងលក់ឱ្យអ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត ស្រាប់តែពេលនេះ មន្ត្រីអាមេរិក និងអ្នកជំនាញវិស័យការពារជាតិ បានទម្លាយឱ្យដឹងថា យន្តហោះ F-35 ដែលទីក្រុងវ៉ាស៊ីនតោនគ្រោងលក់ឱ្យទីក្រុងរីយ៉ាដនោះ នឹងមានមុខងារទំនើបៗតិចជាង ពោលគឺមិនសូវទំនើបដូចយន្តហោះ F-35 ដែលដំណើរការដោយអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្នឡើយ។
កាសែតរ៉យទ័របានចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍នេះថា មូលហេតុដែលអាមេរិកមិនអាចលក់យន្តហោះចម្បាំងបំបាំងកាយ F-35 មានបំពាក់បច្ចេកវិទ្យាទំនើបៗដូចយន្តហោះរបស់អ៊ីស្រាអែល គឺដោយសារតែច្បាប់មួយរបស់អាមេរិក បានធានាដល់សមត្ថភាពផ្នែកយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ា។

បើតាមការលើកឡើងរបស់ក្រុមមន្រ្តីអាមេរិក, យន្តហោះ F-35 ដែលលក់ឱ្យអារ៉ាប៊ីសាអ៊ូឌីត នឹងខ្វះមុខងារពិសេសៗមួយចំនួន មិនដូចជាយន្តហោះ F-35 របស់អ៊ីស្រាអែលនោះទេ ក្នុងនោះមានដូចជាប្រព័ន្ធសព្វាវុធទំនើបៗ និងការបំពាក់ឧបករណ៍សង្គ្រាមអេឡិចត្រូនិកជាដើម។
ទោះបីជាបែបនេះក្តី កងទ័ពអាកាសអ៊ីស្រាអែលនៅតែជំទាស់នឹងការលក់យន្តហោះចម្បាំង F-35 ដែលបានគ្រោងទុកនោះ ដោយព្រមាននៅក្នុងឯកសារមួយថា ការសម្រេចចិត្តនេះនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចដែនអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ នេះបើតាមប្រភពពី The Times of Israel។
គួរបញ្ជាក់ថា អ៊ីស្រាអែលទទួលបានការអនុញ្ញាតពិសេស ក្នុងការកែប្រែយន្តហោះចម្បាំង F-35 របស់អាមេរិក ឱ្យស្របតាមតម្រូវការរបស់ខ្លួន ព្រមទាំងសមត្ថភាពរួមបញ្ចូលប្រព័ន្ធអាវុធផ្ទាល់ខ្លួន និងបន្ថែមសមត្ថភាពទប់ស្កាត់ប្រព័ន្ធរ៉ាដា និងការធ្វើទំនើបកម្មផ្សេងៗទៀត ដែលមិនតម្រូវឱ្យមានការយល់ព្រមពីអាមេរិកនោះទេ។ ម្យ៉ាងវិញទៀត យន្តហោះចម្បាំង F-35 នេះ អាចត្រូវបានកែសម្រួលទៅតាមគោលបំណងរបស់ប្រទេសបញ្ជាទិញនីមួយៗ និងអាកាសយានិករបស់ពួកគេ។

គិតមកទល់ពេលនេះ យន្ដហោះចម្បាំងបំបាំងកាយ F-35 ច្រើនជាង ១,២០០គ្រឿង កំពុងធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។ F-35 ជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។
លក្ខណៈពិសេសរបស់ F-35 មានដូចជាមានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត់។
យន្ដហោះចម្បាំងនេះ ក៏មានបំពាក់នូវកាមេរ៉ា៣៦០ដឺក្រេ ដែលអាចផ្តិតយករូបភាពច្បាស់ល្អ ទាំងពេលយប់ និងពេលថ្ងៃ ពិសេសវាត្រូវបានបំពាក់ដោយអាវុធទំនើបៗ រួមទាំងមីស៊ីល គ្រាប់បែក ប្រព័ន្ធស៊ើបការណ៍សំងាត់ និងប្រព័ន្ធអេឡិចត្រូម៉ាញេទិចជាដើម។ នេះបើតាមប្រភពពីរ៉យទ័រ៕
ប្រភព ៖ រ៉យទ័រ និង The Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា
