រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ
ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថលនិងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញការធ្វើបរិបទបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបានបង្កើតឡើងក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងនិងការពារសន្តិសុខឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល។

គិតចាប់ពីខែឧសភាឆ្នាំ២០២៥ មកដល់បច្ចុប្បន្នការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាពការពារពីការវាយប្រហារ DDoS នេះស្ទើរតែ ១០០ភាគរយ៕
ដោយ៖ង៉ាន់ ទិត្យ

