ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ វិស័យអប់រំនៅតែ​ជាវិស័យអាទិភាព ខណៈក្នុងអាណត្តិទី៧នេះ បានធ្វើការប្រឡងជ្រើសរើសមន្រ្តីជាង ៥ពាន់នាក់

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មាន​ប្រ​​សាសន៍លើកឡើងថា ការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាល ទៅលើវិស័យអប់រំ ជាពិសេ​ស​​វិស័យអប់រំ គ្រូបង្រៀន ដោយក្នុងនោះយុទ្ធសា​ស្រ្ត​បញ្ចកោណដំណាក់កាលទី១ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ខណៈមនុស្សនៅតែជាវិស័យ​គន្លឹះ​របស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ បើយើង​មើល​​ទៅលើអ្វីដែលជាការផ្តល់ជាអាទិភាព ចាប់​តាំង​ពីអាណត្តិមុនៗ និងនៅក្នុងអាណត្តិទី៧ ដូចគ្នា ការជ្រើសរើសចំនួនក្របខណ្ឌ និងមន្រ្តី​ចូល​បម្រើការងារនៅក្នុងវិស័យអប់រំ នៅតែទទួល​បាន​នូវចំនួនការជ្រើសរើសច្រើនជាងគេ បើប្រៀប​ទៅនឹងក្រសួងដ៏ទៃទៀត ជាអាទិភាព នៅលើ​វិស័យ​អប់រំគឺមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើ​ការ​ជ្រើសរើសប្រមាណ ៥៣០១នាក់រួចមកហើយ ដែលក្នុងនោះមាន គ្រូកីឡា គ្រូបឋមសិក្សា គ្រូ​អនុ​វិទ្យា​ល័យ គ្រូវិទ្យាល័យ ហើយចុងក្រោយនេះគឺ​គ្រូវ​ផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងគោល​ដៅ​ចំនួន ៥ខេត្ត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុ​ន ម៉ានី រដ្ឋមន្រ្តីក្រ​សួង​មុខងារសាធារណៈ មានប្រសាសន៍ បែបនេះ​នៅ​ថ្ងៃ​ទី​ ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុង​សន្និ​សីទ​សា​រព័ត៌​មាន ស្ដីពីវឌ្ឍនភាពព័ត៌មានអំពីដំណើរ​ការ​​ជ្រើស​រើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែក​លើ​កិច្ច​​ព្រមព្រៀងការងារឱ្យចូលបម្រើការងារក្នុងគ្រឹះ​ស្ថានបឋមសិក្សាសាធារណៈ នៅសាលាភូមិន្ទ​រដ្ឋ​បាល ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ការយក​ចិត្ត​​ទុក​ដាក់ទៅលើគ្រូបង្រៀន មានទាំងគ្រូ​ក្រប​ខណ្ឌ គ្រូកិច្ចសន្យា ក៏ដូចជាគ្រូផ្អែ​លើកិច្ច​សន្យា​ការងារ ដែលជាដំណាក់កាលចុងក្រោយ។ ការ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺបានធ្វើ​ការកែប្រែជាបន្ទាប់ ខណៈការគិតគូរទៅលើ​ប្រាក់​បៀរវត្ស កាលនៅឆ្នាំ២០១៣ ប្រាក់បៀរវត្ស​អប្ប​បរមា ត្រឹមតែ ៤សែនរៀល ហើយប្រាក់​បៀរ​វត្ស​អតិបរមាគឺប្រមាណជា១លាន៧សែនរៀល ខណៈ​​មកដល់ឆ្នាំ២០២៤ ប្រាក់បៀរវត្ស​អប្បបរ​មា ១លាន ៤សែនរៀល និងមិនទាន់បាន​គិត​ប្រាក់​បំណាច់មុខងារ ការតម្លើងឋានន្តរសក្ត័ មេដៃ​ការងារ គួបផ្សុំទៅប្រាក់ឧបត្ថម្ភបន្ថែមក្នុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បបស និង មូល​និធិ​គាំពារសង្គមផ្សេងៗ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គូស​បញ្ជា​ក់​​បន្ថែមថា ការអភិវឌ្ឍ ក៏ដូចជាការយកចិត្ត​ទុក​ដាក់​ដាក់ទៅលើលោកគ្រូអ្នកគ្រូ វិស័យអប់រំបាន​បន្តវិវត្តន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពោលគឺចាប់ពី «អ្នកចេះច្រើនបង្រៀន​អ្នកចេះ​តិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះសោះ» ដែលនេះជាបរិបទមួយដែលឆ្លុះបញ្ចាំងទៅលើវិស័យអប់រំមកដល់ពេលបច្ចុប្បន្ននេះ គឺមានការវិវិត្តន៍​ច្រើនផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner