អាមេរិកព្រមលក់មីស៊ីលប្រឆាំងរថក្រោះក្នុងតម្លៃជិត ១០០ លានដុល្លារទៅឱ្យឥណ្ឌា
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់កាំភ្លើងផ្លោងមានប្រព័ន្ធនាំផ្លូវ Excalibur ក្នុងតម្លៃ ៩៣លានដុល្លារទៅឱ្យប្រទេសឥណ្ឌា នេះបើតាមការប្រកាសពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA)។
រដ្ឋាភិបាលឥណ្ឌាបានស្នើទិញគ្រាប់កាំភ្លើងផ្លោងមានប្រព័ន្ធនាំផ្លូវ Excalibur ពីអាមេរិកដល់ទៅ ២១៦ដើម និងប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន១០០គ្រឿង។ សព្វថ្ងៃ ប្រទេសឥណ្ឌាបានប្រើប្រាស់គ្រាប់ផ្លោង Excalibur នេះរួចហើយ នៅក្នុងម៉ាស៊ីនបាញ់ M-777 របស់ខ្លួន។
ទីភ្នាក់ងារ DSCA និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញលក់សព្វាវុធយោធានេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាមេរិក-ឥណ្ឌា ពិសេសធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូការពារជាតិដ៏សំខាន់មួយ។
គួរបញ្ជាក់ថា ការទិញសព្វាវុធយោធារបស់អាមេរិកនេះ គឺជាលើកដំបូងហើយរបស់ឥណ្ឌា ក្រោមកម្មវិធីលក់អាវុធយោធាបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីទំនាក់ទំនងប្រទេសទាំងពីរបានធ្លាក់ចុះនៅក្នុងខែសីហា ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធទ្វេដងលើទំនិញឥណ្ឌាដល់អត្រា ៥០% ទាក់ទិននឹងការទិញប្រេងរុស្ស៊ី៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
