មន្រ្តីធនាគារជាតិអំពាវនាវដល់សាធារណជនបន្តចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល
ពោធិ៍សាត់៖នៅខេត្តពោធិ៍សាត់ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងខេអេចឃ្យូអរ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅ ខេត្តពោធិ៍ សាត់ជួយផ្សព្វផ្សាយបន្តអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយ វត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។
ក្នុងសិក្ខាសាលាដែលបានប្រារព្ធកាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យឹម លាត បានលើកឡើងថា កន្លងមកធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវា ទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់សេវានានា នៅក្នុងវិស័យអប់រំជាប្រាក់រៀល។គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពិនិត្យលទ្ធភាពបើកគណនីជាប្រាក់រៀលតាមប្រព័ន្ធធនាគារ ។បើកប្រាក់បៀវត្សជាប្រាក់រៀល ជូនដល់គ្រប់បុគ្គលិកអប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។
ឯកឧត្តមបន្តថា ចំពោះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ តាមរយៈការទូទាត់ ការសន្សំការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវាជាប្រាក់រៀល ការជំរុញការប្រើប្រាស់ប្រាក់ រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យ នីមួយៗជាដើម ។
ឯកឧត្តមក៏បានអំពាវនាវ ឱ្យមានការផ្តល់ការអនុគ្រោះបានកាន់តែច្រើន ចំពោះការប្រើប្រាស់ ប្រាក់រៀលរបស់ជាតិ យើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម សម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល ។
ឯកឧត្តម យឹម លាត បន្ថែមថា ចំពោះការងារលើកកម្ពស់ប្រាក់រៀលនេះ ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ, រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះ ការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាពមួយផងដែរ ជាពិសេស ចាប់តាំងពី ដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ១៩៩៨ ហើយជាលទ្ធផលនិន្នាការ នៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ ៕





អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត