លោកជំទាវ អាយ កុសុមា ប្រកាសជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារី ខេត្តស្វាយរៀង
(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេតស្វាយរៀង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការបក្សខេត្តស្វាយរៀងក៏បានលើកឡើងអំពីការចូលរូមចំណែកក្នុងការបន្តពង្រឹងនូវភាពអង់អាចរបស់ស្ត្រី បង្កើនសក្តានុពលរបស់ស្ត្រីចូលក្នុងការអភិវឌ្ឍសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីនៅតាមជនបទឲ្យមានអាជីវកម្មស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន បន្តលើកកម្ពស់សុខមាលភាព និងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ ក្មេងស្រី និងស្ត្រីងាយរងគ្រោះ បង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីរបស់ស្ត្រី និង ក្មេងស្រីនៅក្នុងបរិវត្តកម្មឌីជីថល។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តស្វាយរៀង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខា កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕
រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ
