រដ្ឋបាលខេត្តបាត់ដំបងប្រកាសពីផែនការអបអរឆ្នាំសកល២០២៦
បាត់ដំបង៖ខណៈនៅសល់ពេលតែជាងមួយខែ ឆ្នាំថ្មីឆ្នាំសកល២០២៦នឹងចូលមកដល់ រដ្ឋបាលខេត្តបាត់ដំបងក៏បានប្រកាសត្រៀមខ្លួនអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២៥-២០២៦ ជាមួយនឹងការត្រៀមផែនការបង្កើតព្រឹត្តិការណ៍ប្លែកៗដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងទាក់ទាញទេសចរមកកាន់ខេត្តរបស់ខ្លួនផងដែរ។

ការប្រកាសអំពីផែនការរបស់រដ្ឋបាលខេត្តបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំរដ្ឋបាលខេត្ត។ដោយទទួលបាននូវបទពិសោធន៍ជាប់គ្នាប៉ុន្មានឆ្នាំចុងក្រោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង
បានដាក់ចេញនូវព្រឹត្តិការណ៍បែបចំណីអាហាររបស់អ្នកបាត់ដំបង គឺការត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនិងបង្អែមខ្មែរ ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៥ ។ព្រឹត្តិការណ៍ដែលនឹងប្រារព្ធទៅប្របដងស្ទឹងសង្កែចំបេះដូងនៃខេត្តជង្រុកកសិ-ឧស្សាហកម្ម ទេសចរណ៍វប្បធម៌-ធម្មជាតិគឺចង់បង្ហាញពីសក្តានុពលភាពនៃម្ហូបអាហារប្រចាំខេត្ត ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ជូនទៅកាន់ភ្ញៀវទេសចរ ដែលមកពីគ្រប់ទិសទី ឱ្យបានស្គាល់កាន់តែច្រើនពីអ្វីដែលខេត្តមាន និងលើកស្ទួយនូវវិស័យម្ហូបអាហារខ្មែរឱ្យកាន់តែល្បីល្បាញថែមទៀតក៏ដូចជាបង្កនូវបរិយាកាសសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ។

ខេត្តបាត់ដំបងស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានចម្ងាយជាង ២៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៥ និងជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ អ្វីដែលមានភាពល្បីល្បាញនោះគឺ តាដំបងគ្រញូង ។កាលពីឆ្នាំទៅមិញក្នុងព្រឹត្តិការណ៍ពិធីអបអរបុណ្យចូលឆ្នាំសកល ខេត្តបាត់ដំបងទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រជា
ពលរដ្ឋមកទស្សនានិងកម្សាន្តចំនួនជាង៣៦ម៉ឺននាក់កើនឡើងជិត៣ភាគរយ ខណៈភ្ញៀវអន្តរជាតិមានជាង១.០០០នាក់កើនឡើងជិត១២ភាគរយបើធៀបឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ បណ្តា អង្គភាពនានាចំណុះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកនិងអ្នកពាក់ព័ន្ធមួយចំនួនឯកឧត្តម សុខ លូ បានប្រាប់
កិច្ចប្រជុំថា ត្រូវតែត្រៀមខ្លួនឱ្យបានល្អ និងអនុវត្តទៅតាមផែនការត្រៀមរៀបចំទៅតាមតួនាទី ភារកិច្ចនិងទំនួលខុស
ត្រូវ។ មានន័យធ្វើឱ្យកាន់តែល្អជាងឆ្នាំមុន។

សូមជម្រាបថាក្រុងបាត់ដំបង នៃ ខេត្តបាត់ដំបង ត្រូវបានចុះនៅក្នុងបញ្ជី” បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហារ របស់អង្គការយូណេស្គូ (UCCN) ” កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក៏ជាខេត្តទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុង ពិភពលោករបស់អង្គការយូណេស្គូ ស្តីពីការច្នៃប្រតិដ្ឋវប្បធម៌ក្នុងវិស័យម្ហូបអាហារផងដែរ។
បណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្គូ (UCCN)ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៤ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងនានា ដែលបានកំណត់ការច្នៃប្រតិដ្ឋ ជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.
