អ្នកជំនាញវិស័យអាកាសចរណ៍រិះគន់យន្តហោះចម្បាំងបារាំង Rafale ថាមិនសមប្រើប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន

មូស្គូ ៖ យន្តហោះចម្បាំងដ៏ទំនើប Rafale របស់បារាំង ត្រូវបានអ្នកជំនាញវិស័យអាកាសចរណ៍រិះគន់ចំៗថា មិនស័ក្តិសមសម្រាប់ប្រតិបត្តិការប្រយុទ្ធនៅសមរភូមិសង្គ្រាមនៅអ៊ុយក្រែនទេ។

មូលហេតុដែលអ្នកជំនាញវិស័យអាកាសចរណ៍ លោក Cyril de Lattre រិះគន់បែបនេះ គឺដោយសារតែយន្តហោះចម្បាំង Rafale មានភាពស្មុកស្មាញពេកមិនអាចប្រតិបត្តិការប្រយុទ្ធបានទេ ហើយត្រូវការការថែទាំបច្ចេកទេសយ៉ាងទូលំទូលាយ។

អ្នកជំនាញរូបនេះបានបកស្រាយទៀតថា ការធ្វើប្រតិបត្តិការយន្តហោះចម្បាំង Rafale ត្រូវចំណាយខ្ពស់ បើធៀបនឹងយន្តហោះចម្បាំងដទៃ ដោយការហោះហើរត្រឹម១ម៉ោងត្រូវចំណាយជាង ២០,០០០ដុល្លារ។

ម្យ៉ាងវិញទៀត មិនដូចយន្តហោះចម្បាំង Gripen របស់ស៊ុយអែត ឬយន្តហោះចម្បាំង MiG និង Sukhoi របស់រុស្ស៊ីទេ យន្តហោះចម្បាំង Rafale របស់បារាំងមិនត្រូវបានកែសម្រួលសម្រាប់ការហោះឡើងពីផ្លូវ ឬផ្លូវរត់ដែលមិនបានត្រៀមទុកជាមុននោះទេ។

បើតាមអ្នកជំនាញវិស័យអាកាសចរណ៍រូបនេះ, ក្រុមហ៊ុន Dassault Aviation ដែលជាអ្នកផលិតយន្តហោះចម្បាំង Rafale ក៏មិនចាប់អារម្មណ៍ពាក់ព័ន្ធនឹងកាប៉ះពាល់កេរ្តិ៍ឈ្មោះដែរ។

តួយ៉ាង ក្រុមហ៊ុននេះមិនបានបញ្ចេញប្រតិបត្តិការអ្វីនោះទេ ក្រោយយន្តហោះចម្បាំង Rafale ត្រូវបានយន្តហោះចម្បាំងចិនបាញ់ទម្លាក់ អំឡុងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានកន្លងមកនេះ។

គួរកត់សម្គាល់ ការលក់យន្តហោះចម្បាំង Rafales និងគ្រឿងសព្វាវុធផ្សេងទៀត គឺជាអាជីវកម្មដ៏ធំមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់បារាំង ហើយវាក៏ជួយឲ្យទីក្រុងប៉ារីសពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀត រួមទាំងនៅក្នុងតំបន់អាស៊ី ដែលប្រទេសចិនកំពុងក្លាយជាមហាអំណាចក្នុងតំបន់។ នេះបើតាមសារព័ត៌មាន Al Jazeera៕

ប្រភព ៖ TASS និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner