ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ​តាម​​បណ្តាញ​​សង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន​មួយចំនួន ស្តីពីសកម្មភាពរបស់បុគ្គលចំនួន ២នាក់ ដោយម្នាក់ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកស្បោង​សំរាម សំណល់រឹង និងបុគ្គលម្នាក់ទៀត បានយកសំរាម​ក្នុងស្បោងសំរាមជាច្រើននៅលើរ៉ឺម៉ក បោះចូលទៅក្នុង​ស្ទឹងព្រែកត្នោត ចំណុចស្ពានព្រែកហូរ ក្នុងភូមិសាស្រ្ត​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ករណីនេះនាំឲ្យមានការ​រិះគន់​យ៉ាងខ្លាំងពីសាធារណជន។

ក្រសួងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានបោះសំរាមចោលក្នុងទឹកស្ទឹងព្រែត្នោត ជា​មួយគ្នានេះក្រសួងបរិស្ថាន ស្នើសុំការអន្តរាគមន៍ពី​រដ្ឋ​បាលខេត្តកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច ចាត់​វិធានការច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្ត​ល្មើស​ច្បាប់​។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា កាល​ពី​រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំពោះករណីខាងលើនេះ ក្រសួងបរិស្ថានបានសហការ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋាន ដើម្បី​ស្វែងរកបុគ្គល ដែលបានប្រព្រឹត្តល្មើសច្បាប់ យកមកធ្វើ​ការអប់រំនិងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ​អ្នក​នាំ​ពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យបុគ្គលដែល​បាន​ប្រព្រឹត្តល្មើស ចេញមកសារភាព និងទទួលស្គាល់​កំ​ហុស​ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងបញ្ឈប់ការ​ដឹក​សំណល់រឹង ទៅចោលផ្តេសផ្តាស់ ដូចជាបោះចូល​ទៅ​ក្នុងប្រព័ន្ធទឹកសាធារណៈ ដែលនាំឱ្យមានការ​បំពុល​ទឹក ប៉ះបាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និង បរិស្ថាន​ជា​បន្តទៀត។

យោងតាមប្រសាសន៍អ្នកនាំពាក្យ បុគ្គលបោះចោល​សំរាម​ផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើស​ច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ ស្តពី«ការគ្រប់គ្រង​សំរាម សំណល់រឹងនៅទីប្រជុំជន» ។ ក្រមបរិស្ថាននិង​​​​​ធន​ធានធម្មជាតិ ត្រង់មាត្រា២៣០ ចំណុច១ ហាម​ឃាត់​បណ្ដាច់ខាតការចោលសម្រាប់​ប្លាស្ទិក​នៅ​តាម​ផ្លូវទីសាធារណៈ ទីវាល ប្រព័ន្ធលូ ប្រភពទឹកសាធា​រណៈ។

មាត្រា២១៨ ត្រង់ចំណុច១ នៃក្រមបរិស្ថាន និងធនធានធម្មជាតិក៏មានចែង ហាមឃាត់ដាច់​ខាត​ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន នៅតាម​ដងផ្លូវ ទីសាធារណៈ និងទីវាល ប្រព័ន្ធទឹក​លូប្រឡាយ​ទឹក ប្រភពទឹកសាធារណៈឬក្នុងដីកម្មសិទ្ធិ ដែលមិនត្រូវ​បានអនុញ្ញាត ជាកន្លែងស្តុកទុកសំរាម ជាបណ្ដោះអា​សន្ន​ឬជាកន្លែងទុកដាក់ចុងក្រោយ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner