លោក ពូទីន គំរាមថា បើអ៊ុយក្រែនច្រានចោលផែនការសន្តិភាពអាមេរិក នោះរុស្ស៊ីនឹងរុលទៅមុខថែមទៀត
មូស្គូ ៖ មេដឹកនាំកំពូលរុស្ស៊ីនិយាយថា សំណើរបស់អាមេរិកដែលមានគោលបំណងស្វែងរកសន្តិភាពបញ្ចប់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន អាចជាមូលដ្ឋាននៃដំណោះស្រាយជម្លោះ ប៉ុន្តែបើសិនអ៊ុយក្រែនមិនព្រមទទួលយកផែនការនេះទេ នោះកងទ័ពរុស្ស៊ីនឹងវាយសម្រុករុលទៅមុខបន្ថែមទៀត។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានប្រាប់មន្ត្រីជាន់ខ្ពស់អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការិយាល័យនយោបាយសម័យទំនើបនៃមន្ត្រីមានអំណាចបំផុតរបស់រុស្ស៊ីថា ខ្ញុំជឿថា ផែនការសន្តិភាពរបស់អាមេរិក អាចត្រូវបានប្រើជាមូលដ្ឋាន សម្រាប់ការដោះស្រាយសង្គ្រាមអ៊ុយក្រែនដោយសន្តិវិធីនៅពេលចុងក្រោយ។
លោកប្រធានាធិបតី ពូទីន បន្តថា ផែនការទាំង ២៨ចំណុចនេះ រុស្ស៊ីនៅពុំទាន់ត្រូវបានពិភាក្សាលម្អិតជាមួយអាមេរិកនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូបានទទួលច្បាប់ចម្លងរបស់វារួចហើយ។
ទន្ទឹមគ្នា មេដឹកនាំរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ ក៏បានព្រមានដែរថា បើសិនអ៊ុយក្រែនប្រឆាំងនឹងផែនការនេះ នោះកងកម្លាំងរុស្ស៊ីនឹងបន្តរុលទៅមុខទៀត លុះត្រាតែមានសន្តិភាព។
គួរកត់សម្គាល់ អាមេរិកបានបង្ហាញដល់អ៊ុយក្រែននូវផែនការសន្តិភាពចំនួន ២៨ចំណុច ដែលរួមមានការទទួលយកលក្ខខណ្ឌទាមទារសំខាន់ៗមួយចំនួនរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានដូចជាកំណត់ឱ្យអ៊ុយក្រែនត្រូវកាត់ទឹកដីបន្ថែម ដាក់កំហិតលើទំហំយោធា និងមិនអាចចូលរួមក្នុងអង្គការ NATO ជាដើម៕
ប្រភព ៖ រ៉យទ័រ និង AFP ប្រែសម្រួល ៖ ឈឹម ទីណា
