អ៊ីស្រាអែលវាយលុកផ្លូវអាកាសផ្តាច់ជីវិតមនុស្ស ២២នាក់នៅហ្គាហ្សា
ហ្សេរុយសាឡឹម ៖ កងការពារជនស៊ីវិលរបស់តំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាស្ទ្រីប បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
បើតាមក្រុមហាម៉ាស់, ការបន្តសម្លាប់អ្នកស្រុកហ្គាហ្សារបស់អ៊ីស្រាអែល គួបផ្សំនឹងសម្ពាធយឺតរបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែល ដើម្បីរារាំងសកម្មភាពវាយប្រហាររបស់ពួកគេ អាចនឹងជំរុញឱ្យស្ថានការណ៍ឆ្ពោះទៅរកភាពចលាចលកើនឡើងថែមទៀត។
ជាមួយគ្នានេះ ក្រុមហាម៉ាស់បានជំរុញអ្នកសម្របសម្រួលឱ្យធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារការដួលរលំកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចអ្វីដែលអ៊ីស្រាអែលចង់បាន ដោយពួកគេបានសង្កត់ធ្ងន់ថា ក្រុមប្រដាប់អាវុធ និងបក្សពួកផ្សេងទៀតរបស់ពួកគេនៅតែប្តេជ្ញាចិត្តគោរពតាមបទឈប់បាញ់។
ឆ្លើយតបនឹងការចោទប្រកាន់នេះ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពខ្លួនបានបញ្ចប់ការតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធចំនួន ១៧នាក់ ដែលបានផុសចេញពីបណ្តាញផ្លូវរូងក្រោមដីមួយកន្លែងនៅភាគខាងកើតទីក្រុងរ៉ាហ្វា ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្ស ១១នាក់ ក្នុងចំណោមពួកគេ។
គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់នៅហ្គាហ្សាចូលជាធរមានក្នុងខែតុលា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តជារឿយៗ ដោយបានសម្លាប់មនុស្សចំនួន ៣១៨នាក់ និងរបួស ៧៨៨នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដល់ ៦៩,៧៣៣នាក់ និងអ្នករងរបួសកើនដល់ ១៧០,៨៦៣នាក់ នេះបើតាមអាជ្ញាធរសុខាភិបាលនៅហ្គាហ្សា៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
