សាធារណជនជាង ១៦ ០០០នាក់បានចូលទស្សនាពិព័រណ៍ផលិតផលបារាំង

ភ្នំពេញ៖កាលពីថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥មនុស្សជាង ១៦ ០០០ នាក់បានចូលទៅទស្សនា និងទិញផលិត​ផលបារាំង ដែលបានដាក់តាំងនៅក្នុងពិព័រណ៍ “ផ្សារបារាំង” លើកទី៤។ នេះជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅ​ក្នុងការ​តាំងពិព័រណ៍៣លើកកន្លងមក ខណៈកាលពីឆ្នាំ២០២៤មានមនុស្សជាងមួយម៉ឺននាក់ចូលរួម។​ក្នុងឆ្នាំ២០២៥នេះដែរ​អ្នកចូលរួមទស្សនាភាគច្រើនគឺជាប្រជាពលរដ្ឋខ្មែរ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវ​បានរៀបចំ​នៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អូលីវ្យេ រីឆាដ (Olivier RICHARD) ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា បានចូលរួមជាកិត្តិយសនៅក្នុងពិធីបើកពិព័រណ៍នេះ។

ស្តង់ពិព័រណ៍ជាច្រើន​បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់បារាំង ជាពិសេសផលិតផលម្ហូបអាហារ ស្នាដៃហត្ថកម្ម ព្រមទាំងផលិតផលថែរក្សាសុខភាព និងសម្រស់។ ជាងនេះទៅទៀត អ្នកចូលទស្សនាក៏​ទទួលបាន​អារម្មណ៍ស្រស់ថ្លាជាមួយឧទ្យានបៃតង ដែលមានដើមឈើត្រឈឹងត្រឈៃ និងជីវៈចម្រុះជាច្រើនប្រភេទ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតបារាំងប្រចាំកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សារបារាំង​ឆ្នាំ២០២៥​អ្នកចូលរួមតាំងពិព័រណ៍ជាង ៧០ នឹងមានវត្តមានដើម្បីបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ រាប់ចាប់ពីមុខ‍ម្ហូបពិសេសៗរបស់បារាំង និងការភ្លក់រសជាតិមុខម្ហូបឆ្ងាញ់ៗជាច្រើន។លើសពីនេះក៏ មានសកម្មភាពកីឡាផ្សេងៗ​ដែលរៀបចំដោយ Decathlon និងទីលានវាយកូនបាល់ដែលរៀបចំដោយ KhmerPadelផងដែរ៕


ដោយ៖វីរីយ៉ា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner