ក្រុមហាម៉ាស់ច្រានចោល ក្រោយអ៊ីស្រាអែលចោទខ្លួនចង់បញ្ចប់បទឈប់បាញ់នៅហ្គាហ្សា

ហ្គាហ្សា ៖ សមាជិកមួយរូបនៃការិយាល័យនយោបាយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃសៅរ៍ថា របាយការណ៍ដែលចោទប្រកាន់ថា ក្រុមហាម៉ាស់ចង់បញ្ចប់បទឈប់បាញ់ និងត្រៀមខ្លួនបន្តប្រតិបត្តិការយោធាឡើងវិញនៅតំបន់ហ្គាហ្សា នោះគឺជារឿងមិនពិត ហើយបានចោទអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយការប្រឌិតព័ត៌មាននេះឡើង។

ការអះអាងរបស់ក្រុមហ៊ុនហាម៉ាស់ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះរបស់ប្រព័ន្ធផ្សព្វផ្សាយ ថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានប្រាប់បេសសកជនពិសេសអាមេរិក លោក Steve Witkoff និង លោក Jared Kushner ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបានបញ្ចប់ហើយ ដោយសារអ៊ីស្រាអែលបានរំលោភបំពានជាច្រើនលើកច្រើនសារ។

ជាការឆ្លើយតប សមាជិកក្រុមហាម៉ាស់ដដែលបានសង្កត់ធ្ងន់ថា ព័ត៌មាននេះគឺជារឿងមិនពិត បង្កើតឡើងដោយអ៊ីស្រាអែល ក្នុងគោលបំណងជាលេសដើរចេញពីបទឈប់បាញ់ រួចវិលទៅបន្តយុទ្ធនាការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាស្ទើររាល់ថ្ងៃសាជាថ្មី។

គួរកត់សម្គាល់ កិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សាត្រូវបានចុះហត្ថលេខានៅទីក្រុង Sharm el-Sheikh ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអ្នកសម្របសម្រួលមកពីអេហ្ស៊ីប កាតា និងតួកគី ក្នុងគោលបំណងបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សា។

ក្រោមកិច្ចព្រមព្រៀងសន្តិភាពនេះ បានអំពាវនាវឱ្យអ៊ីស្រាអែលដកទ័ពចេញពីហ្គាហ្សា និងទាមទារឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំង ២០នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ ២,០០០នាក់។

បើតាមប្រភពពីមន្រ្តីក្នុងតំបន់, ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤២នាក់ត្រូវបានសម្លាប់ ដោយសារការវាយលុកផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner