ពង្រឹងគុណភាពអប់រំវិស្វកម្ម ជាបង្គោល​អាទិភាព​មួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

(ភ្នំពេញ)៖ ពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអា​ទិ​​ភាព​​មួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់​រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម សុខុម រិទ្ធីវុធ គ្គលេ​ខា​ធិការគណៈវិស្វករកម្ពុជា បានថ្លែង​ដូច្នេះ ក្នុងវគ្គ​បណ្តុះ​បណ្តាល ស្តីពី បច្ចេកទេសសំណង់ប្រកប ដោយ​នវានុ​វត្តន៍ តាមរយៈការប្រើប្រាស់បេតុង ប្រេកុងត្រាំង ប្រព័ន្ធ​ពុម្ព និងបច្ចេកវិទ្យាតម្លើងស្ពាន រយៈពេល ១ថ្ងៃពេញ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ។

លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈ​វិស្វករ​កម្ពុជា បានថ្លែងថា ធនធានមនុស្សកម្លាំងពលកម្ម គំនិត​ច្នៃប្រឌិតថ្មីៗ និងនវានវត្តន៍ក្នុង ការប្រើប្រាស់​បច្ចេក​វិទ្យា គឺជាកត្តាចម្បងដែលយើងកំពុង​ត្រូវការ​ជា​ចាំបាច់ នាពេលបច្ចុប្បន្ន ហើយធនធានវិស្វករជាតិ ជា​កត្តាលីករដ៏ល្អពិសេសមួយ ក្នុងការអភិវឌ្ឃជាតិ ជាពិ​សេស​មានការចូលរួម ចំណែកយ៉ាងសកម្ម ពីបណ្តា​ប្រជាពលរដ្ឋទូទៅ វិស័យឯកជន និង រាជរដ្ឋាភិបាល ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម សុខុម រិទ្ធីវុធ បានថ្លែងអំ​ណរ​គុណដល់វាគ្មិនទាំងអស់ មកពី​ប្រ​ទេសវៀតណាម និងសឹង្ហបូរី ដែលបាន មកផ្តល់បទ​បង្ហាញ​ដ៏មានសារៈសំខាន់ ស្តីពី ៖ បច្ចេកវិទ្យាបន្តឹង​សរសៃ​ដែក ក្រោយបេតុងរឹង ដើម្បីសម្រេចបាន​ប្រសិទ្ធ​ភាពគ្រឿងបង្គុំនៃសំណង់អគារខ្ពស់ៗ ការបន្តឹង​សរសៃ​ដែក​ក្រោយបេតុងរឹង ដោយមិនប៉ះពាល់ដល់លទ្ធភាព​ទ្រទ្រង់ នៃគ្រឿងបង្គុំ។ គន្លឹះនៃការសិក្សាគម្រោងប្លង់ វិធី​សាស្ត្រសាងសង់ និងផលចំណេញ ។ គុណសម្បត្តិ​នៃការប្រើប្រាស់ ប្រព័ន្ធរៀបចំពុម្ព និងតួនាទីរបស់វា ក្នុងការផ្លាស់ប្តូរ នៃការអនុវត្តក្នុងការសាងសង់តាម​បែប​ទំនើប ការប្រើប្រាស់ម៉ូឌុលពុម្ពកម្រាលខណ្ឌ ពីអាលុយ​មី​ញ៉ូម និងប្រព័ន្ធពុម្ពផ្សេងៗទៀត ដែលផ្តល់ផល​ចំ​ណេញ​ពេលវេលា ក្នុងការតម្លើងពុម្ពឡើងវិញ បង្កើន​ភាព​ត្រឹម​ត្រូវ និងវិធានការគ្រប់គ្រងគុណភាព ។ ភាព​ច្នៃប្រឌិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាតម្លើងស្ពាន ដែល​ជាដំណោះស្រាយគន្លឹះ សម្រាប់ការសាងសង់ស្ពាន​ប្រ​កប​ដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ វិធីសាស្ត្រទាំង​នេះ បានផ្តល់នូវគុណសម្បត្តិ រួមមានការ​កាត់​បន្ថយ​រយៈពេល កម្រិតលំអៀង នៃការសងសង់ និងភាពប្រ​ថុយ​ប្រថានលើលក្ខខណ្ឌប្រឈមនៅការដ្ឋាន។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះ ជាពុទ្ធិ​ដ៏ប្រសើរ និងជាប្រយោជន៍ សម្រាប់យក​ទៅ​ប្រើប្រាស់​ក្នុង​ការវិភាគ វាយតម្លៃ ច្នៃប្រឌិត ជួយសម្រួល ដល់កិច្ច​ប្រតិបត្តិការ វិជ្ជាជីវៈរបស់វិស្វករ ឱ្យកាន់តែមាន​គុណ​ភា​ព សុក្រឹត្យភាព ប្រកបដោយសុវត្ថិភាពខ្ពស់។ រាជរដ្ឋាភិ​បាល បានចាត់ទុកការអប់រំបណ្តុះបណ្តាល ប្រកបដោ​យ​គុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស និងការអភិវឌ្ឍសង្គម​ជាតិ ប្រកបដោយនិរន្តរភាព និងបរិយាប័ន ដែលប្រ​ទេ​ស​យើង ត្រូវការជាចាំបាច់ ក្នុងការជំរុញការ​អភិវឌ្ឍ​សង្គ​ម និងសេដ្ឋកិច្ច ដើម្បីដើរឱ្យទាន់ប្រទេសជិតខាង ក្នុងតំ​បន់ និងបណ្ដាប្រទេសផ្សេងទៀត ក្នុងពិភពលោក ។

ឯកឧត្តមអគ្គលេខាធិការគណៈវិស្វករកម្ពុជា ក៏សូម​អំពាវ​​​នាវដល់អ្នកចូលរួម ជាមួយគណៈវិស្វករកម្ពុជា ជួយជំរុញឱ្យស្ថាប័នជាតិមួយនេះ មានលទ្ធភាព និង​សមត្ថភាពគ្រប់គ្រាន់រួមចំណែកបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងសមាហរណ​កម្មវិជ្ជា​ជីវៈវិស្វកម្មក្នុងតំបន់ និងសកលភាវូបនីយកម្ម ។

គួរបញ្ជាក់ថា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល​ដោយផ្ទាល់​បានចំនួន ៥លើក មានអ្នកចូលរួមចំនួន ១ ២៩៥នាក់ ស្រីចំនួន ១៣២នាក់ ខណៈវគ្គបណ្ដុះបណ្ដាលនេះ មាន​​អ្នក​ចូលរួមជាង ២០០នាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner