ភាពជាអ្នកដឹកនាំ គឺជាកាតព្វកិច្ចក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយភាពស្មោះត្រង់
(ភ្នំពេញ)៖ ភាពជាអ្នកដឹកនាំមិនមែនគ្រាន់តែជាតំណែងមួយនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងសីលធម៌ក្នុងការបម្រើប្រទេសជាតិ និងប្រជាជនដោយភាពស្មោះត្រង់ ។ ភាពជាអ្នកដឹកនាំមិនមែននិយាយអំពីអំណាចទេ ភាពជាអ្នកដឹកនាំនិយាយអំពីការយល់ដឹងពីមនុស្ស ការដោះស្រាយបញ្ហា និងការណែនាំអ្នកដទៃដោយភាពត្រឹមត្រូវ និងទំនុកចិត្ត។ ដូច្នេះក្នុងនាមជាមន្ត្រីអធិការកិច្ច ភាពជឿជាក់របស់យើងអាស្រ័យលើភាពស្មោះត្រង់របស់យើង ។ យើងត្រូវតែមានភាពមិនលំអៀង មានសេចក្តីគោរព និងដឹកនាំដោយផ្អែកលើច្បាប់ជាមូលដ្ឋាន ។
នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ ខណៈជាតំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី ភាពជាអ្នកដឹកនាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ចនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
តាមរបាយការណ៍របស់ លោកស្រី ហៀក គឹមស៊ឹង នាយិការងវិទ្យាស្ថានជាតិអធិការកិច្ចបានឱ្យដឹងថា ក្នុងរយៈពេលជាង ៦ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើកកម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់។
វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនាពេលនេះ បង្កើតឡើងដោយផ្អែកលើសមិទ្ធផលទាំងនោះ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការអភិវឌ្ឍអ្នកដឹកនាំឱ្យមានសមត្ថភាព មានក្រមសីលធម៌ ឆ្លើយតបទៅនឹងតម្រូវការនៃអភិបាលកិច្ចល្អ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។
លោកស្រីបន្ថែមថា នេះគឺជាឱកាសដ៏សំខាន់ ខណៈដែលវិទ្យាស្ថានបានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពនៃភាពអ្នកដឹកនាំ សីលធម៌វិជ្ជាជីវៈ និងជំនាញការងារជាក្រុមរបស់មន្ត្រីអធិការកិច្ចទាំងថ្នាក់ក្រសួង និងថ្នាក់រាជធានី-ខេត្ត ចំនួន ៥០នាក់។
លោក ជំទាវ សុខ វិឡាយ មានប្រសាសន៍ថា ចក្ខុវិស័យទូលំទូលាយរបស់ក្រសួងអធិការកិច្ច គឺកសាងទំនុកចិត្តពីសាធារណជនតាមរយៈការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ការដោះស្រាយពាក្យបណ្តឹង និងការអប់រំអំពីភាពស្មោះត្រង់។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យើងត្រូវតែបណ្តុះភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត អ្នកដឹកនាំដែលមិនខ្លាចទទួលខុសត្រូវ ហ៊ាននិយាយការពិត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍សាធារណៈ។
ជាមួយគ្នានោះតាំងនាមឱ្យឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោកជំទាវ សំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវមានវត្តមានគ្រប់ពេលម៉ោងសិក្សា និងត្រូវ យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ សួរដេញដោល ពិភាក្សា និងចូលរួមគ្រប់សកម្មភាព នៃការបណ្តុះបណ្តាលដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ការពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជា៕






រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ