ម៉ាឡេស៊ីនឹងហាមអាយុក្រោម១៦ឆ្នាំ មិនឲ្យប្រើបណ្តាញសង្គម
គូឡាឡាំពួ ៖ ម៉ាឡេស៊ី គ្រោងនឹងហាមឃាត់ អ្នកអាយុក្រោម ១៦ឆ្នាំ មិនឲ្យចូលប្រើបណ្តាញសង្គម ចាប់ពីឆ្នាំ២០២៦ ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់កុមារ ស្របពេលប្រទេសជាច្រើនបានបន្តចូលរួមក្នុងក្រុមកំណត់អាយុ ចូលប្រើប្រព័ន្ធឌីជីថល ទាំងនេះ។
យោងតាមសារព័ត៌មាន CNA, រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយ កាលពីថ្ងៃអាទិត្យ ថា រដ្ឋាភិបាលកំពុងពិនិត្យឡើងវិញ នូវយន្តការដាក់កម្រិតអាយុ សម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដោយលើកឡើងពីតម្រូវការ ដើម្បីការពារយុវជន ពីការគំរាមកំហែង តាមអ៊ីនធឺណិត មានដូចជា ការបោកប្រាស់ផ្នែកហិរញ្ញវត្ថុ និង ការរំលោភបំពានផ្លូវភេទ លើកុមារ ជាដើម។
លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងសង្ឃឹមថា នៅឆ្នាំក្រោយ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងគោរពតាមការសម្រេចចិត្ត របស់រដ្ឋាភិបាល ក្នុងការរារាំងអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ពីការបើកគណនី សម្រាប់ប្រើប្រាស់»។
ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើសុខភាព និងសុវត្ថិភាពរបស់កុមារ បានក្លាយជាក្តីកង្វល់ជាសកល កាន់តែខ្លាំងឡើង ដោយក្នុងនោះ ក្រុមហ៊ុននានា រួមមាន TikTok, Snapchat, Google និង Meta Platforms ដែលជាប្រតិបត្តិករនៃបណ្តាញសង្គម Facebook, Instagram និង WhatsApp ប្រឈមនឹងការប្តឹងផ្តល់ នៅសហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ពួកគេ ក្នុងការជំរុញវិបត្តិសុខភាពផ្លូវចិត្ត។
នៅក្នុងប្រទេសអូស្ត្រាលី វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបិទគណនី ដែលបានចុះឈ្មោះ សម្រាប់អ្នកប្រើប្រាស់មានអាយុក្រោម ១៦ឆ្នាំ នៅខែក្រោយ ក្រោមការហាមឃាត់យ៉ាងខ្លាំងសម្រាប់ក្មេងជំទង់ ដែលកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយនិយតករ ជុំវិញពិភពលោក។
ប្រទេសបារាំង អេស្បាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក ក៏កំពុងរួមគ្នាសាកល្បងគំរូសម្រាប់កម្មវិធីផ្ទៀងផ្ទាត់អាយុនេះ ផងដែរ។
ប្រទេស ម៉ាឡេស៊ី បានដាក់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ជាការកើនឡើងនៃមាតិកា ដែលបង្កគ្រោះថ្នាក់ រួមទាំង ការលេងល្បែងអនឡាញ និងការបង្ហោះដែលទាក់ទងនឹងការប្រកាន់ពូជសាសន៍ សាសនា និង រាជវង្ស ជាដើម។
ជាក់ស្តែង វេទិកា និងសេវាកម្មផ្ញើសារ ដែលមានអ្នកប្រើប្រាស់ច្រើនជាង ៨ លាននាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះ តម្រូវឲ្យមានអាជ្ញាប័ណ្ណ ក្រោមបទប្បញ្ញត្តិថ្មី ដែលបានចូលជាធរមាន តាំងពីខែមករា៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត