ពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ នាំមកនូវឱកាសការងាររាប់ពាន់កន្លែង
(បន្ទាយមានជ័យ)៖ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាំមកនូវឱកាសការងាររាប់ពាន់កន្លែង។ នៅក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ពាន់នាក់។ ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ និងការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃ ផងដែរ ។
ក្នុងពិធីដែលបានរៀបចំឡើង កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ការរៀបចំពិព័រណ៍ការងារនៅថ្ងៃនេះ គឺបាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រះនេត្រព្រះ ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រី លើកឡើងថា ការទៅធ្វើការងារនៅក្រៅប្រទេស មិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវជ្រើសរើសដែរ ថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ជាងនៅក្នុងស្រុកយើង ព្រោះថា អាចទទួលបានប្រាក់ខែច្រើន និងត្រឡប់មកវិញក៏មានជំនាញថែមទៀត។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រាក់ឈ្នួលដែលបងប្អូននឹងចុះឈ្មោះនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកមកដល់ទីនេះ អាចទាបជាងប្រទេសថៃបន្តិច ប៉ុន្តែអ្វីដែលបងប្អូនមានខុសពីការធ្វើការងារនៅប្រទេសថៃនោះ គឺនៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាល ហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារ ចៃដន្យធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបានក៏ ប.ស.ស. នឹងចិញ្ចឹមបងប្អូនពេញមួយជីវិត និងកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុកក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ ១៨ឆ្នាំ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក ដូចជា មានបណ្ណ ប.ស.ស. ដោយអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ពិសេសផ្ដល់ភាពកក់ក្ដៅដល់កូនៗ អាចចូលរួមកម្មវិធីបុណ្យទាននានាបានច្រើន និងអាចដើរទៅណាក៏បានដោយសេរី៕






ដោយ ៖ ង៉ាន់ ទិត្យ