ឯកឧត្តម សាយ សំអាល់ បង្ហាញការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់​ក្រុមហ៊ុនចិន CENTRAL GAIN

​(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យលោកស្រី Shao Liyu ប្រធានក្រុមហ៊ុន CENTRAL GAIN ​និងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនអំពីវឌ្ឍនភាពនៃគម្រោង​វិនិយោគ​លើ​វិស័យថាមពលអគ្គិសនីរបស់​ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ។

លោកស្រី Shao Liyu បានកោតសរសើរចំពោះភាពទាក់ទាញនៃបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា ដែល​កំពុងមាន​សន្តិសុខ និងស្ថិរភាពនយោបាយ ​ ហើយប្រជាជន​មានជីវភាពរស់នៅសមរម្យ មានភាពរួសរាយរាក់​ទាក់ ​និង​មាន​សាមគ្គីភាពល្អ។ ​លោកស្រី​បញ្ជាក់ថា ដោយសារតែកត្តាអំណោយផលទាំងនេះ​ហើយទើប​ក្រុមហ៊ុន CENTRAL GAIN មានបំណង​មក​បណ្ដាក់​ទុននៅកម្ពុជា។ នៅខេត្តព្រះសីហនុ ក្រៅពីថាមពល​អគ្គិសនី ក្រុមហ៊ុនរបស់​លោកស្រី​ក៏មាន​ចំណាប់​អារម្មណ៍វិនិយោគលើវិស័យ​សំខាន់ៗជាច្រើនទៀតដូចជា៖ ថាមពល​កកើតឡើងវិញ ការចម្រាញ់ប្រេង រួមទាំង​បញ្ញា​សិប្បនិមិត្ត និងការរៀបចំទីក្រុងជាដើម។  លោកស្រី​សង្ឃឹមថា គម្រោង​ទាំង​នេះ​នឹងទទួលបានការគាំទ្រ​ពីរាជរដ្ឋាភិបាល​កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ​បានបង្ហាញការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ​គម្រោង​​វិនិយោគរបស់ក្រុមហ៊ុនចិន​ CENTRAL GAIN ហើយលើកទឹកចិត្តឱ្យមានការកៀរគរ​អ្នកវិនិយោគ​កាន់​តែ​​​ច្រើន​មកបណ្ដាក់ទុននៅតំបន់ឆ្នេររបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដោយហេតុថា កម្ពុជាកំពុងរៀបចំ​តំបន់​ឆ្នេរ​សមុទ្រឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់មួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានក្រុម​ការងារ​​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុផងដែរនោះ បាន​សន្យា​​ជួយសម្រប​សម្រួល​ និងផ្ដល់ភាពកក់ក្តៅជូនក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ ដែល​ចង់មកបណ្តាក់ទុន​ និងរួមចំណែក​ដល់​​ការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមកត់សម្គាល់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CENTRAL GAIN ​គឺស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា​ទៅជា​ប្រទេសមាន​ចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរម្លឹកពីចំណងមិត្តភាព​ដែកថែករវាងព្រះរាជាណា​ចក្រ​កម្ពុជា និង​សាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងស្វែងរកទីទួលសុវត្ថិភាពមួយ​ ដើម្បីធ្វើធុរកិច្ចជាមួយ​គ្នា​ និងរីកចម្រើន​ទាំងអស់គ្នា។  ឯកឧត្តមក៏បានកោតសរសើរផងដែរដល់យុទ្ធសាស្ត្រផ្លូវ១ ខ្សែក្រវ៉ាត់១ របស់ចិន ហើយ​យល់​ឃើញថា ប្រទេសទាំងពីរត្រូវរិះរកវិធីសាស្ត្រ​សហការគ្នា​បន្ថែមទៀត ​ដើម្បីបង្កើន​ផលិតភាព​ផលិតផល​សម្រាប់​ចែកចាយក្នុងពិភពលោក៕​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner