អង្គការកម្មវិធីស្បៀងអាហារពិភពលោក បញ្ជាក់ពីជំហរ ពង្រីកសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល
(ភ្នំពេញ)៖ អ្នកស្រី Kyung-nan Park អគ្គនាយិកាប្រតិបត្តិអង្គការ (World Food Programme WFP) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីជំហរ នៃការពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលកម្ពុជា ដើម្បីឱ្យកាន់តែប្រសើរឡើងថែមទៀត ។
ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាស ដែលអ្នកស្រី ដឹកនាំគណៈប្រតិភូអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
អ្នកស្រី អគ្គនាយិកា ក៏បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រីដើម្បីពិនិត្យមើលលទ្ធភាពបន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែកអភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លងដែលទាក់ទងនឹងរបបអាហារ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងសុខាភិបាល ក្នុងការ អភិវឌ្ឍវិស័យសុខាភិបាល និងបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលកន្លងមក។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ សកម្មភាពរបស់អង្គការ WFP ក្នុងការកំណត់ទិសដៅ និងផែនការអាទិភាពសំខាន់ៗមួយចំនួនលើការអភិវឌ្ឍ កម្មវិធីអាហារូបត្ថម្ភ ការអប់រំសុខភាព និងការកែលម្អធនធានមនុស្ស។ ហើយក៏បានលើកទឹកចិត្តអង្គការ WFP បន្តពង្រឹងបណ្តុះបណ្តាល កម្លាំងពលកម្ម និងបន្តរួមចំណែកក្នុងការគាំទ្រ ផែនការយុទ្ធសាស្ត្រអាហារូបត្ថម្ភជាតិ និងការការពារជំងឺមិនឆ្លង នៅកម្ពុជា៕








រូបភាព៖ ថេត វិចិត្រ
អត្ថបទ៖ ហេង សម្បត្តិ