អង្គការផ្កាយសមុទ្រកម្ពុជា បម្លែងបាល់ទាត់​សម្រាប់​សហគមន៍ ទៅជាការគាំទ្រការអប់រំសម្រាប់កុមារ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា កាលពីចុង​សប្តាហ៍​កន្លងទៅ បានបង្កើតព្រឹត្តិការណ៍បាល់ទាត់​សប្បុរសធម៌ ឆ្នាំ២០២៥ ដើម្បីស្វែងរកការគាំទ្រថវិកា​ឧបត្ថម្ភយកទៅជួយដល់ការសិក្សារបស់កុមារក្រីក្រឱ្យទទួលបានការអប់រំបណ្តុះបណ្តាលក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិសម្រាប់អនាគត។

ព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌នេះ ទទួលបានអ្នក​ចូល​រួម​ជាង ៧០០នាក់ រួមទាំងកីឡាករបាល់ទាត់មិន​មែនអាជីពចំនួន ៣៥០នាក់ មកពីក្រុមហ៊ុន និង​សហគមន៍ចំនួន ២៤ក្រុម ។ ការប្រកួតបាល់ទាត់​សម្រាប់​សហគមន៍នេះ បានផ្សារភ្ជាប់ការប្រកួតមិត្តភាព​ឲ្យក្លាយជាការគាំទ្រដ៏មានន័យ សម្រាប់ការអប់រំរបស់​កុមារ​ក្រីក្រក្នុងរាជធានីភ្នំពេញ។ ជាមួយការគាំទ្រពីដៃគូរ ២២ ក្រុមហ៊ុន ព្រឹត្តិការណ៍នេះបានជួយលើកកម្ពស់ការ​យល់ដឹង និងស្វែងរកថវិកាសម្រាប់កម្មវិធីរបស់​អង្គការ​ផ្កាយសមុទ្រកម្ពុជាដែលផ្តល់ឱកាសអប់រំ សុខភាព ជំ​នាញជីវិត និងការលេងកីឡា ដល់យុវជនយ៉ាងហោច ៤,០០០នាក់ រៀងរាល់ឆ្នាំ។

បរិយាកាសប្រកួតពេញមួយថ្ងៃ បានឆ្លុះបញ្ចាំងពី ស្មារតី “កីឡាដើម្បីការអប់រំ” និងការរីកចម្រើនរបស់ព្រឹត្តិ​ការ​ណ៍​​នេះ ដែលត្រូវបានរៀបចំឡើងជាលើកទី៤​ហើយ​គិតត្រឹមឆ្នាំ២០២៥នេះ ។

អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិអង្គការផ្កាយ​សមុទ្រ​កម្ពុជា បានមានប្រសាសន៍ថា៖“ព្រឹត្តិការណ៍នេះ​គឺចង់​រំលេចពីសារៈសំខាន់នៃកីឡាបាល់ទាត់សម្រាប់សហគមន៍ដែលមានការចូលរួមមិនថាពីសហគមន៍ ឬក្រុមហ៊ុន​ឯកជនឡើយ គឺនៅពេលដែលយើងមានគោលបំណង​តែមួយគឺយើងអាចកែប្រែ កីឡាបាល់ទាត់ក្លាយជាស្ពាន​ទៅ​កាន់ការអប់រំ ឱកាស និងទំនុកចិត្តសម្រាប់កុមារ​ដែល​កំពុងមានតម្រូវការ។

ឆ្លងកាត់ ការប្រកួត​ផ្តាច់​ព្រ័ត្រ​យ៉ាងស្វិតស្វាញ ក្រុម Khemerak Angkor បានឈ្នះ​ពានជើងឯកក្នុង​រដូវ​កាល​ឆ្នាំ២០២៥នេះ។ ខណៈក្រុម The Legacy FT ទទួលបានចំណាត់ថ្នាក់លេខ ២ និង​ក្រុម Courtyard By Marriott Phnom Penh ស្ថិតក្នុងចំណាត់ថ្នាក់​លេខ ៣។

ថវិកាដែលប្រមូលរៃអង្គាសពីកម្មវិធីបាល់ទាត់សប្បុរសធម៌នេះ យកទៅជួយដល់អង្គកាផ្កាយសមុទ្រ​លើការ​អប់​រំ ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការ​ផ្កាយ​សមុទ្រគាំទ្រដល់សិស្សានុសិស្សជាង ៧០០នាក់ ឲ្យរៀនសូត្រចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋម​សិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេ​មាន​ការងារធ្វើសមរម្យ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់​សិស្សជាង ៣,០០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោង ផ្សេងៗរបស់អង្គការផងដែរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner