លោក ស៊ី ប្រាប់លោក ត្រាំ ថា ការយកកោះតៃវ៉ាន់ឱ្យស្ថិតក្រោមចិន គឺជារឿងសំខាន់បំផុត

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ច្បាស់ៗថា ការយកកោះតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិន គឺជារឿងសំខាន់បំផុត ដែលជាផ្នែកនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។

ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក ស៊ី ក៏បានប្រាប់លោក ត្រាំ ដែរថា ចិន-អាមេរិកធ្លាប់បានចាប់ដៃគ្នាឆ្លងកាត់ប្រយុទ្ធគ្នា ប្រឆាំងនឹងពួកហ្វាស៊ីសនិយម និងយោធានិយម ហើយឥឡូវនេះ ប្រទេសទាំងពីរក៏គួរតែធ្វើការរួមគ្នា ដើម្បីការពារពិភពលោកវិលទៅរកលទ្ធផលដូចនឹងសង្គ្រាមលោកលើកទីពីរ។

បើតាមមេដឹកនាំចិនមានវ័យ៧២ឆ្នាំរូបនេះ, ប្រទេសមហាអំណាចពិភពលោកទាំងពីរគួរតែព្យាយាមរក្សាសន្ទុះទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកិច្ចប្រជុំកាលពីខែមុននៅកូរ៉េខាងត្បូង ជាទីដែលមេដឹកនាំទាំងពីរព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មកន្លងមកនេះ។

ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា រូបលោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អបំផុតជាមួយលោកប្រធានាធិបតី ស៊ី។ ហើយពួកលោកបានជជែកពីប្រធានបទជាច្រើន មានដូចជាបញ្ហាសង្គ្រាមអ៊ុយក្រែន ថ្នាំញៀន Fentanyl និងផលិតផលកសិកម្មអាមេរិក។

នាឱកាសនោះដែរ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានទទួលយកការអញ្ជើញរបស់លោក ស៊ី ទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែមេសាឆ្នាំក្រោយ ហើយលោកក៏បានអញ្ជើញលោក ស៊ី មកទស្សនកិច្ចនៅអាមេរិកនាចុងឆ្នាំនេះវិញផងដែរ៕

ប្រភព ៖ AFP និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner