ឯកឧត្តម ឌិត ទីណា ៖ ទេសចរណ៍ក៏ជាផ្នែកមួយ នៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ
(ខេត្តសៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន នៃ ក.គ.អ.អ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៤ នៅខេត្តសៀមរាប។

ក្នុងឱកាសចូលរួមពិធីបើកវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានរំលេចអំពីកិច្ចការអភិរក្សរបស់ក្រសួងកសិកម្ម ជាពិសេសកិច្ចខិតខំប្រឹងប្រែងការពារ គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនៈសម្បត្តិធម្មជាតិ និងជាការទាក់ទាញដ៏ធំមួយសម្រាប់អេកូទេសចរណ៍នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «ទេសចរណ៍ក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មសម្រាប់រកចំណូលបន្ថែមជូនប្រជាកសិករ តាមរយៈផ្គត់ផ្គង់ផលិតផលជូនភ្ញៀវទេសចរផ្ទាល់ ដែលជាការនាំចេញនៅនឹងកន្លែង» ។

ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់នូវការដឹកនាំរបស់ក្រសួងទេសចរណ៍ និងការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានសហការដើម្បីជំរុញវិស័យអេកូទេសចរណ៍ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពធនធានធម្មជាតិនិងបរិស្ថាន៕
ប្រភព ៖ ក្រសួងកសិកម្ម



