ក្រសួងអប់រំ ចេញសេចក្តីណែនាំអំពីដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សា​ចំ​ណេះ​ទូទៅសាធារណៈ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេ​ចក្តី​ណែនាំមួយអំពីដំណើរការបង្រៀន និង រៀនពេញ​មួយ​ថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សា​ចំណេះទូទៅ​សា​ធារណៈ ដោយបានអះអាងអំពីការកំពុង​អនុវត្តកំ​ណែ​ទម្រង់​ការគ្រប់គ្រងសាលារៀនយ៉ាងសកម្មតាមរយៈ ការ​លើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន ក្នុងការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នក ដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំនៅកម្រិតសាលារៀន។

ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានបញ្ជាក់ថា ការ​រៀប​ចំ​ឱ្យមានដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ ជាការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬ អ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន និងការបង្ហាញពីលទ្ធផលសិក្សារបស់សិស្សមានការរីកចម្រើនជាប្រចាំ ជាក់ស្តែង និងជឿទុកចិត្តបាន។ ដូច​នេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដែលមាន​ធន​ធានគ្រប់គ្រាន់អាចដំណើរការកម្មវិធីបង្រៀន និងរៀន​ពេញមួយថ្ងៃ ។ ក្នុងសេចក្តីណែនាំនេះ​ដែរក្រ​សួង​អប់​រំ​បានបញ្ជាក់អំពីការគ្រប់គ្រង និងការទ្រទ្រង់ដំណើរការ ។

ជាមួយគ្នានេះបានណែនាំឱ្យ មន្ទីរអប់រំ យុវជន និង​កីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និង​កីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រប​សម្រួល​ការ​ចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតា​បិតា ឬអ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀនព្រមទាំង​កៀរគរធនធាននានាក្នុងកិច្ចដំណើរការសាលារៀនឱ្យមានប្រសិទ្ធភាព។

ដោយឡែកចំពោះពេលវេលារៀន និងបង្រៀនក្រសួង​អប់រំបានបញ្ជាក់ថាគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវកំណត់ម៉ោងសិក្សាដោយពេលព្រឹកចូលម៉ោង ៧:០០ ចេញម៉ោង ១១:០០ និងរសៀលចូលម៉ោង ១៣:០០ ឬម៉ោង ១៤:០០ ចេញម៉ោង ១៦:០០ ឬម៉ោង ១៧:០០។

ជាមួយគ្នានេះគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សា​ក្នុងមួយសប្តាហ៍ដែល ១ម៉ោងសិក្សាមានរយៈពេល ៥០នាទី និងលម្អិតទៅតាមកម្រិតថ្នាក់ និងមុខវិជ្ជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner