ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានពីហានិភ័យប៉ះទង្គិចគ្នាដោយចៃដន្យជាមួយកូរ៉េខាងជើង
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានព្រមានកាលពីថ្ងៃចន្ទ អំពីហានិភ័យប៉ះទង្គិចគ្នាដោយចៃដន្យជាមួយកូរ៉េខាងជើង ដែលបានសម្រេចចិត្តកាត់ផ្តាច់បណ្តាញទំទាក់ទំទងទាំងអស់ជាមួយកូរ៉េខាងត្បូង។
លោកប្រធានាធិបតី លី ដែលបានដាក់ចេញវិធានការជាច្រើន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ចាប់តាំងពីរូបលោកឡើងកាន់តំណែងក្នុងខែមិថុនា បានស្នើឱ្យមានការសន្ទនាក្នុងន័យស្តារទំនាក់ទំនងជាមួយទីក្រុងព្យុងដោយគ្មានលក្ខខណ្ឌ ដែលនេះជាគោលនយោបាយផ្ទុយស្រឡះពីអ្នកតំណែងមុនរបស់លោក។ ទោះបីជាយ៉ាងណា ខាងភាគីកូរ៉េខាងជើងនៅតែរឹងទទឹងមិនព្រមឆ្លើយតប ចំពោះសំណើរបស់លោកប្រធានាធិបតី លី។
បើតាមមេដឹកនាំកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះ, ទំនាក់ទំនងអន្តរកូរ៉េបានក្លាយទៅជាអរិភាព និងការប្រឈមមុខដាក់គ្នាខ្លាំងឡើង ក្រោយកូរ៉េខាងជើងកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ប៉ុន្តែបីទោះជាយ៉ាងណា ទីក្រុងសេអ៊ូលនឹងនៅតែបន្តព្យាយាមបញ្ចុះបញ្ចូលភ្ជាប់បណ្តាញទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ហើយកូរ៉េខាងត្បូងតែងតែបើកចំហរចំពោះរឿងនេះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចចរចាយោធាជាមួយកូរ៉េខាងជើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការបង្កើតព្រំដែនច្បាស់លាស់នៅតាមខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នាប្រដាប់អាវុធនៅតាមតំបន់ព្រំដែន ដែលអាចបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយ។ កូរ៉េខាងត្បូងបានដាក់សំណើបែបនេះជាលើកដំបូងក្នុងពេល៧ឆ្នាំ ប៉ុន្តែកូរ៉េខាងជើងមិនបានឆ្លើយតប ឬបញ្ចេញប្រតិកម្មចំពោះសំណើនេះទ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា