កម្ពុជា-អ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​ការងារ

(ភ្នំពេញ)៖ កម្ពុជា និង អ៊ីស្រាអែល បានគូសបញ្ជាក់ពី​ទំនាក់​ទំនង​ដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និង​ពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្ម​ឱ្យកាន់​តែ​ល្អ​ប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិ​វឌ្ឍ​ធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែល​ជា​ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។

ការគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើង​កាល​​ពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គ​រដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែល ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង​ការ​ងារ ។

ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានសម្ដែងនូវការស្វាគមន៍ និង​​អបអរសាទរ លោកជំទាវ ដែលត្រូវបានតែងតាំង​ជា​ ឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តី បាន​បង្ហាញ​នូវជំនឿជឿជាក់ថា​នៅក្នុង​អាណត្តិបេសកកម្ម​ការ​ទូតរបស់លោកជំទាវ សម្រាប់​ទំនាក់ទំនងនិងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹងត្រូវបាន​លើក​កម្ពស់ឱ្យកាន់តែប្រសើរ​ឡើង​ថែមទៀត។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បាន​សម្តែងនូវក្តីរីករាយដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​បាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner