ឥណ្ឌូនេស៊ីហាមឃាត់លក់ ឬបរិភោគសាច់ឆ្កែ និងឆ្មា

ហ្សាកាតា ៖ ប្រទេសឥណ្ឌូនេស៊ីប្រកាសហាមឃាត់ការលក់ និងបរិភោគសាច់ឆ្កែ ឆ្មា និងប្រចៀវ ដើម្បីការពារការចម្លងជំងឺឆ្កែឆ្កួតដល់ប្រជាជន នេះបើតាមអភិបាលក្រុងហ្សាកាតាប្រកាសក្នុងថ្ងៃអង្គារ ក្រោយឈ្នះការតស៊ូមតិគាំទ្រសិទ្ធិសត្វពាហណៈ។

អភិបាលក្រុងហ្សាកាតា លោក Pramono Anung និយាយថា លោកបានចុះហត្ថលេខាលើបទប្បញ្ញត្តិមួយ កាលពីថ្ងៃចន្ទ តបតាមការសន្យារបស់គាត់កាលពីខែមុន ដែលមានគោលបំណងហាមឃាត់ការលក់ “សាច់សត្វអាចចម្លងជំងឺឆ្កែឆ្កួត” ដល់មនុស្ស។

បើតាមឯកសារដែលឃើញដោយសារព័ត៌មាន AFP, ឥណ្ឌូនេស៊ីបានដាក់ឱសានវាទ ៦ខែ មុននឹងចាប់ផ្តើមអនុវត្តច្បាប់នេះ។ សម្រាប់អ្នកបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនូវការដាក់ទណ្ឌកម្ម រាប់ចាប់ពីការព្រមានជាលាយលក្ខណ៍អក្សរ រហូតដល់ការដកហូតអាជ្ញាប័ណ្ណអាជីវកម្មតែម្តង។

បើតាមលោកអភិបាលក្រុងហ្សាកាតា, ការហាមប្រាមនេះនឹងចាប់អនុវត្តលើសត្វមានជីវិត ដូចជាឆ្កែ ឆ្មា និងសាច់បង្កក ឬផលិតផលសាច់សត្វផ្សេងទៀត មិនថាឆៅ ឬកែច្នៃរួច ឱ្យតែមានការសង្ស័យជាប់ទាក់ទងនឹងសាច់សត្វអាចចម្លងជំងឺឆ្កែឆ្កួតទៅកាន់មនុស្ស។

គួរកត់សម្គាល់ មុនពេលមានបម្រាមខាងលើនេះ ឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែលនៅតែអនុញ្ញាតឱ្យលក់សាច់ឆ្កែ និងឆ្មា ទោះបីមានការប្រឆាំងកើនឡើង ហើយទីក្រុងរបស់ឥណ្ឌូនេស៊ីជាច្រើនបានអនុវត្តបម្រាមក្នុងស្រុកក៏ដោយ។

បើតាមអង្គការសុខភាពពិភពលោក (WHO), ប្រជាជនឥណ្ឌូនេស៊ីរាប់សិបនាក់បានស្លាប់ ដោយសារជំងឺឆ្កែឆ្កួតស្ទើរតែរៀងរាល់ឆ្នាំ។ ចំណែកក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ក៏បានឱ្យដឹងដែរថា មានមនុស្សបាត់បង់ជីវិតចំនួន ២៥នាក់នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២៥៕

ប្រភព ៖ AFP និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner