បណ្ណាល័យខ្នាតតូចចំនួនពីរ ត្រូវបានយុវសិស្ស ម៉ៅ សុផាតវីនណា ប្រគល់ជូនសាលារៀន នៅខេត្តកំពង់ចាម
(ខេត្តកំពង់ចាម)៖ សាលាបឋមសិក្សាតាំងក្រសាំង និងអនុវិទ្យាល័យតាំងក្រសាំង នៅស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលបណ្ណាល័យកូនខ្មែរខ្នាតតូច ដែលជាគំនិតផ្តួចផ្តើមរបស់យុវសិស្សឈ្មោះ ម៉ៅ សុផាតវីនណា មកពីសាលាអន្តជាតិស៊ី អាយ អេ CIA រួមជាមួយនឹងសប្បុរសជនមួយចំនួនទៀត ដែលពិធីប្រគល់ និងទទួល ធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យតាំងក្រសាំង ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
កញ្ញា ម៉ៅ សុផាតវីនណា បានថ្លែងថា បណ្ណាល័យកូនខ្មែរ គឺជាបណ្ណាល័យខ្នាតតូច ដែលសិស្សអាចអាន សិក្សា និងមើលសៀវភៅដោយឥតគិតថ្លៃ ។ បេសកកម្មស្នូលនៃការបង្កើត និងរក្សាបណ្តាញបណ្ណាល័យខ្នាតតូចនេះ គឺដើម្បីចែករំលែកសៀវភៅដោយឥតគិតថ្លៃ នៅតាមសហគមន៍ជនបទ និងសាលារៀននៅទូទាំង ២៥ រាជធានី ខេត្ត ។
កញ្ញា បានបញ្ជាក់ទៀតថា សកម្មភាពនេះ គឺជាចក្ខុវិស័យមួយ ដើម្បីជួយពង្រឹង និងលើកកម្ពស់ការធ្វើឱ្យមានលក្ខណៈជាទម្លាប់នៃការអានកម្សាន្ត ដល់យុវវ័យគ្រប់ស្រទាប់នៅទូទាំងប្រទេស ជាពិសេសផ្តោតលើសិស្សានុសិស្សដែលឪពុកម្តាយមានជីវភាពខ្វះខាតជាចំបង ។
ខណៈនោះដែរ យុវសិស្ស ម៉ៅ សុផាតវីនណា បានផ្តល់សៀវភៅសិក្សាស្រាវ ជ្រាវជាភាសាខ្មែរ និងសៀវភៅភាសាអង់គ្លេសចំនួន ៨៩ក្បាល រួមទាំងសូឡាបំភ្លឺចំនួន ២គ្រឿង ជូនដល់សាលាបឋមសិក្សាតាំងក្រសាំង និងសៀវភៅចំនួន ៧៥ក្បាល រួមនឹងសូឡាបំភ្លឺចំនួន ២គ្រឿង ជាមួយថវិកា ៤០ម៉ឺនរៀល ជូន អនុវិទ្យាល័យតាំងក្រសាំង ។ បន្ថែមពីលើនោះទៀត សម្រាប់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត ក៏ត្រូវបានឧបត្ថមបន្ថែមនូវគ្រឿងឧបភោគបរិភោគ រួមមាន មី អង្ករ សៀវភៅ សំលៀកបំពាក់ ភួយ និងងថវិកា ១០ម៉ឺនរៀល ៕









អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អ្នករៀបចំកម្មវិធី