ឆេះអគារហុងកុង ស្លាប់កើនដល់៤៤នាក់

ហុងកុង ៖ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះប្លុកអគារផ្ទះល្វែងខ្ពស់ៗ នៅហុងកុង បានកើនដល់៤៤នាក់ ខណៈ២៧៩នាក់ទៀត បានបាត់ខ្លួន។

អាជ្ញាធរបញ្ជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងតិច ៤៤ នាក់ត្រូវបានសម្លាប់ និងរបួសធ្ងន់ធ្ងរ ៤៥នាក់ទៀត នៅក្នុងអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះអគារផ្ទះល្វែង ឬ Apartment នៅសង្កាត់ Tai Po នៃទីក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

ទីតាំងនេះ ប្រមូលផ្តុំអគារខ្ពស់ៗ សរុបចំនួន៨ខ្នង សម្រាប់ផ្តល់បន្ទប់ជាផ្ទះល្វែង រស់នៅ ជិត២.០០០បន្ទប់ ក្នុងនោះ ៤ អគារ ត្រូវបានភ្លើងឆាបឆេះ។

អ្នកពន្លត់អគ្គីភ័យ ជាង៨០០នាក់បានចូលរួម ក្នុងប្រតិបត្តិការពន្លត់ភ្លើង។ អ្នកពន្លត់អគ្គីភ័យ អាយុ ៣៧ ឆ្នាំម្នាក់ បានស្លាប់ ក្នុងការប្រយុទ្ធនឹងភ្លើង។ រដ្ឋបាលហុងកុងប្រកាសចាត់ទុក ថា ជាការលះបង់ជីវិត និង ប្រកបដោយភាពក្លាហាន។

អ្នកស្រុកកំពុងសុំជំនួយពីអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីបាត់បង់ទំនាក់ទំនង ជាមួយសាច់ញាតិនៅខាងក្នុងអគារ នេះបើតាមក្រុមប្រឹក្សាក្នុងតំបន់បានប្រាប់សារព័ត៌មាន BBC។

មេដឹកនាំហុងកុង លោក John Lee បាននិយាយថា ក្រុមការងារមួយនឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការឆេះនេះ ហើយលទ្ធផលនឹងត្រូវបានដាក់ជូនអ្នកធ្វើកោសល្យវិច័យ។

លោកបញ្ជាក់ «ត្រូវផ្តល់ការពន្យល់ ដល់សាធារណជន»។

នាយកប្រតិបត្តិក្រុមហ៊ុនសំណង់ ចំនួនបីនាក់ កំពុងស្ថិតក្រោមការចាប់ខ្លួន ដោយសង្ស័យថា ជាអំពើឃាតកម្មភ្ជាប់ទៅនឹងសម្ភារៈ ដែលងាយឆាបឆេះ អាចបណ្តាលឱ្យភ្លើងរាលដាលយ៉ាងឆាប់រហ័ស។

គ្រោះអគ្គិភ័យនេះ ត្រូវបានគេចាត់ទុកថា ជាកម្រិតទី៥ ដែលជាកម្រិតធ្ងន់ធ្ងរបំផុត នៅហុងកុង។ នៅឆ្នាំ២០០៨ ហុងកុង ក៏ធ្លាប់កើតមានករណីឆេះអគារកម្រិត៥ ដែរ។ ដោយពេលនោះ សម្លាប់មនុស្ស ចំនួន៤នាក់៕

ប្រភពពី BBC, AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner