ថៃបញ្ចេញឧទ្ធម្ភាគចក្រជួយសង្គ្រោះប្រជាជនរងគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងពេល ៣០០ឆ្នាំ
បាងកក ៖ កងទ័ពថៃបានបញ្ចេញឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហោះបោះពួយនាំយកជំនួយ និងជម្លៀសប្រជាជនចេញពីគ្រោះទឹកជំនន់អាក្រក់បំផុតក្នុងពេល ៣០០ឆ្នាំនៅតំបន់ភាគខាងត្បូង ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣នាក់ ហើយភ្លៀងត្រូវបានព្យាករនឹងបន្តធ្លាក់ថែមទៀត។
បើតាមប្រភពពី AFP, នៅទីក្រុង Hat Yai ដែលជាទីកន្លែងរងគ្រោះខ្លាំងបំផុតរបស់ថៃ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានដឹកជញ្ជូនស្បៀងអាហារ និងដឹកអ្នកជំងឺចេញ បន្ទាប់ពីជាន់ទី១ នៃមន្ទីរពេទ្យរដ្ឋាភិបាលដ៏សំខាន់ ដែលកំពុងព្យាបាលអ្នកជំងឺចំនួន ៦០០នាក់ ដោយក្នុងចំណោមនោះ ៥០នាក់ស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវបានជន់លិច។
យោងតាមប្រភពពី CNN, តំបន់ដែលកើតគ្រោះមហន្តរាយលិចលង់ក្រោមទឹក មិនធ្លាប់មានក្នុងរយៈពេល ៣០០ ឆ្នាំមកនេះ គឺនៅស្រុក Hat Yai ក្នុងខេត្ត Songkhla ។ ស្រុក Hat Yai បានប្រឈមនឹងភ្លៀងធ្លាក់ជញ្ជ្រំខ្លាំងបំផុតក្នុងកម្ពស់ ២ ម៉ែត្រកន្លះ បណ្ដាលជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ខណៈផ្លូវស្ទើរតែទាំងអស់ស្ថិតនៅក្រោមបាតទឹក ។
បញ្ហានេះនាំឲ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសដាក់ខេត្ត Songkhla ក្នុងស្ថានភាពអាសន្ន ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងធានាសុវត្ថិភាពសាធារណៈ រក្សាសណ្ដាប់ធ្នាប់ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្ដារតំបន់រងគ្រោះឡើងវិញ ។
គួរបញ្ជាក់ថា ទឹកជំនន់បានជន់លិចខេត្តចំនួន ៩ របស់ថៃ និងរដ្ឋចំនួន ៨ នៅក្នុងប្រទេសជិតខាងម៉ាឡេស៊ី ដែលនេះជាឆ្នាំទី២ជាប់ៗគ្នាហើយ ដោយបង្ខំឲ្យប្រទេសទាំងពីរជម្លៀសមនុស្សជិត ៤៥.០០០នាក់។
បើតាមការវាយតម្លៃពីមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn, ប្រទេសថៃអាចនឹងខាតបង់សេដ្ឋកិច្ចក្នុងរង្វង់ ៧៧៥ លានដុល្លារ ពីគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានក្នុងរយៈពេល ៣០០ ឆ្នាំមកនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
