ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានី ខេត្ត ទប់ស្កាត់ការបំពុល​ខ្យល់សាធារណៈ

(ភ្នំពេញ)៖ ដើម្បីការពារ និងទប់ស្កាត់បញ្ហា​​បំពុលខ្យល់​នៅកម្ពុជា ក្រសួងបរិស្ថានស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែ​នាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ ជំរុញ​ការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល​ខ្យល់ ដូចខាងក្រោម៖

១- អប់រំ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។

២- ទប់ស្កាត់ការដុតវាលស្មៅ សំណល់កសិកម្ម រាន​ព្រៃ គល់ជញ្ជ្រាំង ការដុតសំរាម សំណល់រឹង និង​សំ​ណ​ល់ប្លាស្ទិកនៅទីចំហ និងការឆេះទីលាន​ចាក់សំរាម។

៣- ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការ​ដឹក​ជញ្ជូនសម្ភារសំណង់។

៤- ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ​និង​ទី​សាធារណៈឱ្យបានជាប់ជាប្រចាំ។

៥- ត្រៀមមធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីទប់ស្កាត់ ឬ ពន្លត់ភ្លើង ករណីមានការដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង និងការដុតសំណល់ផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រសួងបរិស្ថានស្នើរដ្ឋបាលថ្នាក់​ក្រោម​ជាតិ ត្រូវចាត់វិធានការជាបន្ទាន់ ដោយអនុលោម​ទៅ​តាមក្រម​បរិស្ថាន និងធនធានធម្មជាតិ ដោយមិន​មាន​ការលើកលែងដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហ​គ្រា​ស និងសិប្បកម្ម ដែលមិនបានអនុវត្តនូវវិធានការដូច​ខាងក្រោម៖

១- បញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់​ឧស្សា​ហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬ ឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារ​ធាតុ​បំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

២- បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និង​ទីសាធារណៈ។

៣- រៀបចំបំពាក់ប្រព័ន្ធសម្អាតផ្សែងឱ្យបានត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកទេស ដើម្បីធានាថាការបញ្ចេញ​សារធាតុ​បំពុលខ្យល់ឆ្លើយតបតាមស្តង់ដារបញ្ចេញ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner