នាយឧត្តមសេនីយ៍ អ៊ី ឈាន៖ ការលើកឡើងរបស់ជនក្បត់ជាតិ អ៊ុំ សំអាន គឺជាការប្រឌិតទាំងស្រុង មានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយ ក្នុងចេតនាទុច្ចរិត និងនាំឱ្យការយល់ច្រឡំមកលើកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលបានខិតខំដោះស្រាយ
នាយឧត្តមសេនីយ៍ អ៊ី ឈាន បានសរសេរនៅលើបណ្តាញសង្គមថា៖ «ខ្ញុំបាទឃើញគណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះខ្ញុំមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។
ចំពោះករណីនេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុំ សំអាន សរសេរនេះ គឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។
នាយឧត្តមសេនីយ៍ អ៊ី ឈាន បញ្ជាក់ថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជា និងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ ដូច្នេះអ្វីដែលបុគ្គល អ៊ុំ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។
នាយឧត្តមសេនីយ៍ អ៊ី ឈាន សូមជម្រាបជូនបងប្អូនថា បុគ្គល អ៊ុំ សំអាន នេះ តែងតែនិយាយញុះញង់ និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះ ឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន សូមស្នើបងប្អូនជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម»៕
ដោយ៖ពលជ័យ

