សម្ដេច ហ៊ុន ម៉ាណែត ប្រាប់អ្នកនយោបាយខ្លះថា បើ​មិន​យល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូម​កុំ​តាំងខ្លួនធ្វើជាអ្នកចេះ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​អ្នកនយោបាយខ្លះដែលតាំងខ្លួនជាអ្នកចេះដឹងលើកិច្ចការព្រំដែនថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការ​ព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញ​ព្រំដែន ។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើក​ឡើង​ថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះ​ស្រាយ​បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មាន​ការ​ឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀត​ប្រឌិត​រឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និង​ដើម្បី​ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជ​រដ្ឋា​ភិបាល។

កាលពីព្រឹកមិញនេះ លោក អ៊ុ សំអាន បានបង្ហោះសារ​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជា​អតីត​តំបន់មូលដ្ឋានយោធាខ្មែរក្រហមដែល លោក អៀង សារី បានកាន់កាប់ហើយមាន លោក អ៊ី ឈាន ជាមេ​ទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។

ប៉ុន្តែប៉ុន្មានមួយម៉ោងក្រោយមក ឯ.ឧ អ៊ី ឈាន បាន​ចេញ​សារបញ្ជាក់ជូនបងប្អូនជនរួមជាតិថា÷ អ្វីដែល អ៊ុ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមាន​ចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញ​នយោ​បាយ​ក្នុងចេតនាបង្កចលាចលសង្គម និងការយល់​ច្រឡំ​មកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់​ទុកពីបារាំង។

សម្ដេចបន្តថា ខ្ញុំនិងប្រជាជនទាំងអស់នឹងរង់ចាំមើលថា​តើលោក អ៊ុ សំអាន ដែលតាំងខ្លួនជាអ្នកជំនាញព្រំដែន នឹងឆ្លើយតបយ៉ាងណាចំពោះ ឯ.ឧ អ៊ី ឈាន? ហើយតើ លោក អ៊ុ សំអាន មានឯកសារឬភស្តុតាងអ្វីផ្សេងទៀត​ទេដើម្បីការពារអំណះអំណាងរបស់ខ្លួន និងបញ្ជាក់ថា ខ្លួនជាអ្នកជំនាញព្រំដែនពិតប្រាកដ។

សង្ឃឹមថា លោកមិនគ្រាន់តែចេញមកចោទប្រកាន់ ឯក​ឧត្តម អ៊ី ឈាន ថាគាត់និយាយកុហក ឬក្បត់ឧត្តម​គតិ ដូច​អ្វីដែលលោកតែងតែចោទ​អ្នកដែលមិន​មាន​ទស្សនៈ​ស្របជាមួយលោក និងក្រុមរបស់លោកនោះ​ទេ ។

និយាយដោយត្រង់ តាមដែលខ្ញុំមើលឃើញ និងប្រ​ហែល​ដូចដែលអ្វីបងប្អូនប្រជាពលរដ្ឋ​មើល​ឃើញ​ដូច​គ្នាដែរនោះ គឺរហូតមកដល់ពេលនេះ អ្វីដែលលោក អ៊ុ សំអាន និយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជា​គ្មាន​អ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋាន​បច្ចេកទេសផែនទី (ក្រៅតែពីបានទៅសុំ ហ្វូតូកូពីផែនទី​មួយផ្ទាំង ពីបណ្ណាល័យ សភាសហរដ្ឋអាមេរិក ដើម្បីធ្វើ​ការសិក្សាស្រាវជ្រាវ) ទាំងមូលដ្ឋានច្បាប់ឬឯកសារ​យោ​ង​នានា (ឃើញតែលើកឡើងថា អ្នកនេះឬអ្នកនោះ បាន​និយាយថាដីខ្មែរពីមុននៅនោះ មិនមែននៅនេះទេ ដូច​ជា​ករណីដែលគាត់លើកឡើងថា ឯ.ឧ អ៊ី ឈាន បាន​និ​យាយ​ដូច្នេះ នៅពេលដែល ឯ.ឧ អ៊ី ឈាន ច្រានចោល​ថា​ជាការប្រឌិត ។ល។)។

សម្ដេចធិបតី សូមឱ្យយោបល់ដូច្នេះថា÷ បើលោក​ឬក្រុម​អស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែន​ទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញ​ព្រំដែន​ដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ បើសិនអស់លោកមិនប្រកាន់ខ្លួនឬខ្លាចគេថាអន់ទេ ហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី (ដែលអស់លោកបាន ហ្វូតូកូពី​នៅ​បណ្ណាល័យសភាសហរដ្ឋអាមេរិក) ដើម្បីជាជំនួយ​ក្នុង​ការវាស់វែង បោះបង្គោលនិងខណ្ឌសីមានៅលើដី​ឱ្យបាន​ត្រឹមត្រូវនោះ លោកអាចស្នើសុំមករាជរដ្ឋា​ភិ​បាល ដើម្បីឱ្យអ្នកមានជំនាញព្រំដែនពិតប្រាកដ អាច​ធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។ បើអស់លោកមិនមកប្រទេស​ខ្មែរ​ទេ លោកអាចចាត់តំណាងដែលនៅខ្មែរ​ដើម្បីឱ្យអ្នក​បច្ចេកទេសធ្វើបទបង្ហាញឱ្យ ដែលតំណាង​អស់​លោក​អាចយកទៅបង្រៀនបន្តដល់លោកនិងក្រុមលោក។

ខ្ញុំជឿថា នៅពេលដែលអស់លោកបានយល់ដឹងខ្លះៗពី​មូលដ្ឋានបច្ចេកទេសផែនទី អស់លោកនឹងអាចមាន​សមត្ថភាពនិយាយស្ដីសមហេតុផលជាងមុនច្រើន ក្នុង​ករណីដែលអស់លោកប្រកាន់សច្ចៈភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner