ADB សន្យាបន្ដជួយជំរុញការអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំ​ទ្រ​ដល់​វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេ​ច​បាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់​វិស័យ​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋាន​កសាងកម្លាំង​ពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់​ទាញ់​វិនិយោគ កន្លងមកនោះ បានបន្តសន្យា​​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្សនៅកម្ពុជា ។

ការបង្ហាញបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការ​ក្រសួង។

ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានបង្ហាញនូវការ​ជឿជាក់​ថា បេសកកម្មរបស់ នាយិកាថ្មីប្រចាំប្រទេសកម្ពុជារបស់ ADB នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការរវាង​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់​តែ​ត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត សំដៅឈានទៅ​សម្រេចនូវគោលដៅដែលបានដាក់ចេញ។

លោកស្រី Yasmin Siddiqi បានថ្លែងអំណរគុណ​ចំ​ពោះ​ការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយ​ការ​យកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទនភាពដែល​បាន​ឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួង និងបាន​បញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។

ភាគីទាំងពីរ បានឯកភាពគាំទ្រយ៉ាងពេញទំហឹង ក្នុងការ​ជំរុញការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា ឱ្យ​កាន់​តែស៊ីជម្រៅឆ្ពោះទៅរកវឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner