អាមេរិក ចង់ឲ្យ អ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមុន ទើបធានាសន្តិសុខតាមក្រោយ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកចង់ឲ្យអ៊ុយក្រែនចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន មុនពេលដែលទីក្រុងវ៉ាស៊ីនតោនយល់ព្រមលើការធានាសន្តិសុខណាមួយទៅដល់អ៊ុយក្រែន ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា អ៊ុយក្រែនបាននឹងកំពុងស្វែងរកការធានាសន្តិសុខជាផ្លូវការពីលោកខាងលិច ប៉ុន្តែលោកអះអាងថា ការធានានេះ គួរតែមកមុនពេលរដ្ឋាភិបាលទីក្រុងកៀវចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន ។

លោក Rubio បញ្ជាក់ប្រាប់មន្ត្រីសហភាពអឺរ៉ុបថា សហរដ្ឋអាមេរិកចាត់ទុកការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ជាអាទិភាព ប៉ុន្តែ ជាបញ្ហាដាច់ដោយឡែក ផ្សេងទៀត នៃកិច្ចព្រមព្រៀងសន្តិភាព ។

លោកថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងពិភាក្សាអំពីការធានា ជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បន្ទាប់ពីទីក្រុងកៀវបានអនុម័តផែនការសន្តិភាព ដែលបានស្នើឡើងដោយអាមេរិកកាលពីសប្តាហ៍មុន។

ឆ្លើយតបនឹងបញ្ហានេះ ទីក្រុងមូស្គូ និយាយថា ខ្លួនមិនជំទាស់នឹងការធានាសន្តិសុខ ជាគោលការណ៍នោះទេ ប៉ុន្តែ ទទូចថា មិនត្រូវមានគោលបំណងទប់ស្កាត់ រុស្ស៊ីនោះឡើយ ។

ស្របពេលជាមួយគ្នានេះ លោក Zelensky និយាយថា លោកចង់ជួបជាមួយលោក Trump ដើម្បីពិភាក្សាបន្ថែមទៀត ដោយទទូចឲ្យអឺរ៉ុបមានវត្តមាន សម្រាប់កិច្ចពិភាក្សា ។ យ៉ាងណា លោក Trump អះអាងថា នឹងជួបលោក Zelensky នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាព ឈានចូលដល់ដំណាក់កាលចុងក្រោយ ។

បើតាមកាសែត Politico, ផែនការសន្តិភាពនេះបង្ខំឲ្យទីក្រុងកៀវប្រគល់តំបន់ Donbass ទៅឲ្យរុស្ស៊ីជាថ្នូរនឹងការធានាសន្តិសុខរយៈពេលវែង, ស្នើឲ្យអ៊ុយក្រែនបន្ថយកម្លាំងទ័ពមិនឲ្យលើសពី ៦០ ម៉ឺននាក់, បោះបង់ចិត្តគំនិតចង់បានអាវុធទំនើបៗ និងលុបចោលបំណងប្រាថ្នាចូលរួមជាមួយអង្គការណាតូជាដើម ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner