លោក Trump ចេញមុខដោយផ្ទាល់ បន្ធូរបន្ថយភាពតានតឹងរវាងចិន និងជប៉ុន

បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខដោយផ្ទាល់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាង ចិននិងជប៉ុន ក្រោយស្ថានការណ៍កាន់តែក្ដៅឡើងៗ ។

លោក ត្រាំ និយាយថា លោកបានណែនាំទៅដល់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi កុំឱ្យបង្ករឿងជាមួយចិន ជុំវិញអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ។

បើតាមកាសែត Wall Street Journal ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ, ការចេញមុខបន្ថូរបន្ថយស្ថានការណ៍កំពុងក្ដៅរបស់លោក Trump កើតមានឡើង បន្ទាប់ពីមានជម្លោះការទូត រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង នៅពេលដែលលោកស្រី Takaichi និយាយថា ជប៉ុនអាចធ្វើអន្តរាគមន៍ផ្នែកយោធា បើចិនវាយប្រហារលើកោះតៃវ៉ាន់ ។

ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតីចិន Xi Jinping បញ្ជាក់ប្រាប់លោក Trump ថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់ នៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ។

បន្ទាប់ពីនិយាយចប់ ជាមួយមេដឹកនាំចិន, លោក Trump ក៏បានបន្តទូរស័ព្ទ ទៅនិយាយជាមួយលោកស្រី Takaichi ហើយបានណែនាំលោកស្រី នាយករដ្ឋមន្ត្រីជប៉ុនថ្មីថ្មោង រូបនេះ កុំឱ្យបង្ករឿង ជាមួយទីក្រុងប៉េកាំង ចំពោះសំណួរ អំពីអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ។

យ៉ាងណា អ្នកនាំពាក្យការិយាល័យ របស់លោកស្រី Takaichi បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញការឆ្លើយតបទៅកាន់លោក Trump វិញនោះទេ ៕

ប្រភពពី CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner