ទឹកជំនន់បំផ្លាញថៃ អស់ ៤.៣ពាន់លានដុល្លារ
បាងកក ៖ សារព័ត៌មានថៃបានចេញផ្សាយពីការខាតបង់សេដ្ឋកិច្ច ជាង៤.៣ពាន់លានដុល្លារ ដោយសារទឹកជំនន់ នាភាគខាងត្បូង។ ជាការបង្ហាញ ចំពេលដែលរដ្ឋាភិបាលប្រកាសចាប់ផ្តើមគម្រោងស្តារឡើងវិញ។
យោងតាមការចេញផ្សាយ របស់កាសែត khaosod, គ្រោះមហន្តរាយទឹកជំនន់ នៅទូទាំងខេត្ត ភាគខាងត្បូង បានបង្កការខូចខាត យ៉ាងតិច ៤,៣ពាន់លានដុល្លារ នៅក្នុងខេត្តចំនួន៩ នេះបើយោងតាមសម្តី របស់នាយករដ្ឋមន្រ្តី លោក Anutin Charnvirakul បានគូសបញ្ជាក់ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។
ទំហំនៃការបំផ្លិចបំផ្លាញនេះ តំណាងឱ្យ ៧០% នៃសេដ្ឋកិច្ចរបស់តំបន់ភាគខាងត្បូង និង ៨% នៃផលិតផលក្នុងស្រុកសរុប ឬ DGP របស់ប្រទេសថៃ ក្នុងឆ្នាំ២០២៣។
ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស ជិត៣លាននាក់ ស្មើនឹង ៣២% នៃចំនួនប្រជាជនសរុប ៩.៥ លាននាក់ នាតំបន់ភាគខាងត្បូង។ ចំនួនអ្នកស្លាប់ ត្រូវបានគេប៉ាន់ស្មានថា មានលើសពី ១០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ បើទោះជាមន្ត្រី មិនបានបង្ហាញតួលេខផ្លូវការ ក៏ដោយ។
ចំពោះផែនការ របស់រដ្ឋាភិបាលថៃ ដែលត្រូវដោះស្រាយ ស្តារឡើងវិញ បែងចែកជា បី ដំណាក់កាល រួមមាន ៖ តម្រូវការបន្ទាន់, តម្រូវការរយៈពេលមធ្យម និង តម្រូវការ រយៈពេលវែង។
ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើង សឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ៕
ប្រភពពី Khaosod, AFP ប្រែសម្រួល ៖ សារ៉ាត
