អភិបាលក្រុងម៉ាណដាលូយ៉ុង ប្រទេសហ្វ៊ីលីពីន កោតសរសើរ រាជ​ធា​នីភ្នំពេញ រីកចម្រើនគ្រប់វិស័យ

(ភ្នំពេញ)៖ រាជធានីភ្នំពេញ គឺជារាជធានីដែលមាន​ការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទី​ក្រុង​ដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត ។

ក្រុងម៉ាណដាលូយ៉ុង( Mandaluyong) នៃសាធា​រ​ណ​​រដ្ឋ​ហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានី​ភ្នំពេ​ញ ពីការរៀបចំក្រុងពិសេស គឺការរៀប​ចំ​សណ្ដា​ប់​​ធ្នាប់ នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីន​ធើ​ណេត​ពី​លើអាកាសទៅដាក់ក្រោមដី។

នេះជាការលើកឡើងរបស់ លោក ជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាល​ក្រុង​ម៉ាណ​ដា​លូយ៉ុង ( Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលី​ពីន ក្នុងឱកាសលោកជំទាវជួបសម្ដែងការគួរសម ជា​មួយ ឯកឧត្ដម ឃួង ស្រេង អភិបាល ​រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ​សាលារាជធានីភ្នំពេញ ។

លោកជំទាវ ខា មេលីតា មែនឈី អាហ្គីឡា អាបា​ឡូស បានមានប្រសាសន៍ថា ៖ ទីក្រុងម៉ាណដាលូ​យ៉ុង របស់លោកជំទាវជាទីក្រុងតូច តែជាទីក្រុង​ដែល​បានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេស​ហ្វីលីពីន មានទំហំត្រឹមតែ ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ ៤៥ម៉ឺន​នាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពល​រដ្ឋ​ចេញចូលរកស៊ី រហូតទៅដល់ ២លាន ៣សែន នាក់ ដែលចំនួននេះប្រហាក់ប្រហែលនិង រាជធានីភ្នំពេញដែរ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីភូមិសាស្រ្ត​ក៏ដូច​ជា​ប្រវត្តិ​ នៃការកកើតរបស់រាជធានីភ្នំពេញ ។ ឯកឧត្ដម បញ្ជាក់ថា រាជធានីភ្នំពេញមិន​បាន​ទទួល​រងការជនលិចដោយជំនន់​ទឹកភ្លៀង​ធ្ងន់​ធ្ងរ​នោះទេ ដោយសារយើង​បានរៀប​ចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូក្រោមដីល្អ ហើយគួប​ផ្សំនិងស្ថានភាពភូមិសាស្ត្រ​របស់ប្រទេសកម្ពុជា មាន​ភាពល្អប្រសើរ មាន​អំណោ​យ​​ផល ទើបមិន​បណ្ដាលឲ្យមានការលិចលង់ដោយ​ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា ។

ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា ៖ រាជធានី​ភ្នំ​ពេញ​មានតំបន់ទេសចរណ៍ជាច្រើន ហើយនៅ​ពេល​ថ្មីៗនេះ យើងបានបង្កើតឲ្យមាន​តំបន់​ទេសចរថ្មី​មួយ​ទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរ​ថ្មី​នេះ ទទួលបានការគាំទ្រនិងពេញនិយម​ពីសំណាក់​ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយ​ថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង ១០ម៉ឺន​នាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះ​រាជធានី​ភ្នំពេញក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ ។

ឯកឧត្ដមអភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា៖ គម្រោ​ងកាត់ខ្សែកាប ខ្សែអុបទិក ខ្សែអ៊ីនធើណេត​ពីលើ​អាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានី​ភ្នំពេញបានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជា​គម្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការ​រំខានដោយជម្ងឺ covid-19 គម្រោងនេះមិនត្រូវបាន​បញ្ចប់​ទៅតាមផែនការនោះទេ គឺអាចនឹងបញ្ចប់នៅ​ក្នុង​​ឆ្នាំ​២០២៩ ៕

រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner