បារាំងចាប់ដៃឥណ្ឌាបញ្ចេញសាច់ដុំយោធាជើងអាកាសកម្លាសត្រូវ
ប៉ារីស ៖ កងទ័ពអាកាសបារាំង និងឥណ្ឌា ចាប់ដៃគ្នាហាត់ហ្វឹកហាត់ពង្រឹងសមត្ថភាពប្រយុទ្ធផ្លូវអាកាស ជាផ្នែកមួយនៃលំហាត់សមយុទ្ធដែនអាកាសទ្វេភាគីមានឈ្មោះ “Garuda 2025”។
កងទ័ពអាកាសឥណ្ឌាបានចូលរួមធ្វើសមយុទ្ធដែនអាកាស Garuda ជាលើកទី៨ ហើយ ជាមួយកងទ័ពអាកាស និងកងទ័ពអវកាសបារាំង (FASF) នៅឯមូលដ្ឋានទ័ពអាកាស Mont-de-Marsan ក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី ១៦ដល់២៧ ខែវិច្ឆិកា។
យោងតាមសេចក្តីថ្លែងការណ៍, ការបញ្ចេញសាច់ដុំយោធាផ្លូវអាកាសនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អយុទ្ធសាស្ត្រប្រយុទ្ធ និងវិធីសាស្រ្តប្រយុទ្ធជាក់ស្តែង ដែលអនុញ្ញាតឱ្យកងទ័ពជើងអាកាសបារាំង-ឥណ្ឌាអាចក្រេបជញ្ជក់ចំណេះដឹងពីគ្នាទៅវិញទៅមក និងជំរុញឱ្យមានអន្តរប្រតិបត្តិការរវាងកងទ័ពអាកាសប្រទេសសម្ព័ន្ធមិត្តទាំងពីរ។
បើតាមប្រភពពី RT, ឥណ្ឌាគឺជាអតិថិជនទិញយន្តហោះចម្បាំងដ៏ធំមួយរបស់បារាំង។ ជាក់ស្តែង ប្រទេសទាំងពីរ ថ្មីៗនេះទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿងក្នុងតម្លៃ ៧,៤១ពាន់លានដុល្លារ។
នៅក្នុងកិច្ចសន្យានេះ ឥណ្ឌាបានទិញយន្តហោះចម្បាំង Rafale របស់បារាំងមានកៅអីបើកតែមួយចំនួន ២២គ្រឿង និងកៅអីភ្លោះចំនួន ៤គ្រឿង ហើយការចែកចាយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣១៕



ប្រភព ៖ AFP និង RT ប្រែសម្រួល ៖ ឈឹម ទីណា