ចិន គំរាមជាថ្មីថា ជប៉ុន នឹងរងផលវិបាកធ្ងន់ធ្ងរ បើហ៊ានដើរហួសបន្ទាត់ក្រហមរឿង កោះតៃវ៉ាន់
ប៉េកាំង ៖ ប្រទេសចិនព្រមានប្រទេសជប៉ុនសាជាថ្មីថា ប្រសិនបើហ៊ានតែដើរហួសខ្សែបន្ទាត់ក្រហម ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ នោះទីក្រុងតូក្យូ នឹងជួបផលវិបាកធ្ងន់ធ្ងន់ជាក់ជាមិនខាន ។ នេះបើតាម China Daily ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Jiang Bin និយាយថា រឿងកោះតៃវ៉ាន់ជាបញ្ហារបស់ប្រទេសចិនសុទ្ធសាធ ហើយមិនទាក់ទិននឹងជប៉ុននោះឡើយ ។
លោកថា កងទ័ពចិនមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ ដើម្បីយកឈ្នះសត្រូវឈ្លានពាន ។ ដូច្នេះហើយ បើសិនជប៉ុនហ៊ានតែដើរឆ្លងកាត់ខ្សែបន្ទាត់ក្រហម គឺប្រៀបដូចយកទុក្ខដាក់ខ្លួន ជាពិសេសជប៉ុននឹងរងផលវិបាក់ធ្ងន់ធ្ងរបំផុត ។
បើតាមអ្នកនាំពាក្យដដែល, ការសម្រេចចិត្តថ្មីៗនេះរបស់ទីក្រុងតូក្យូ បានបង្កអរិភាពដល់សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី ២ និងជាការបង្កកំហុសសាជាថ្មី បន្ទាប់ពីអតីតពួកសកម្មប្រយុទ្ធជ្រុលនិយមរបស់ខ្លួន ។
ការព្រមានរបស់លោក Jiang Bin ធ្វើឡើង ក្រោយជប៉ុនបានទម្លាយពីផែនការពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីទៅអាកាសនៅលើកោះ Yonaguni ដែលមានចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់ ។
ចិនតែងតែប្រកាសចាត់ទុកដែនកោះតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយតែងប្រកាសប្រាប់បរទេស ជាពិសេសអាមេរិកថា កោះមួយនេះ ជាខ្សែបន្ទាត់ក្រហមរបស់ខ្លួន ។ យ៉ាងណា តៃវ៉ាន់មិនប្រកាសចូលរួមជាមួយចិននោះឡើយ ហើយតែងតតែចាត់ទុកខ្លួនឯងជាកោះឯករាជ្យផ្តាច់ចេញពីចិនជានិច្ច ។
បើតាម Reuters, ចាប់តាំងពីឆ្នាំ ១៩៤៩ មក ចិនតែងតែចង់បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ហើយធ្លាប់ស្នើគោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ ដូចហុងកុង និងម៉ាកាវ ថែមទៀតផង ប៉ុន្តែត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិបច្រានចោលគោលនយោបាយនេះ ។
បញ្ហានេះ នាំឲ្យមេដឹកនាំចិនតែងតែព្រមានប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងកម្លាំងយោធា បើសិនតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ៕
ប្រភព ៖ China Daily និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា