ឯកឧត្តម សុខ ពុទ្ធិវុធ ប្រគល់សញ្ញាបត្រ ដល់និស្សិត​សា​កល​វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៣១៩នាក់

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំ​កម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតសរុប ៣១៩នាក់ ដែល​បានបញ្ចប់ការសិក្សា ដែលប្រព្រឹត្តទៅនៅ រាជ​បណ្ឌិតសភាកម្ពុជា អគារខេមរវិទូ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតី​ភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានមាន​ប្រសា​ស​ន៍ថា ៖​“និស្សិតជ័យលាភីថ្ងៃនេះ គឺជាមូលធនមនុស្ស​ដ៏​សំខាន់ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បាននិងកំពុងត្រូវការជាចាំ​បាច់ ដូចដែល​មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រ​សិទ្ធ​ភាព និ​ង​ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ ២០៥០។ ការខិតខំប្រឹង​ប្រែងសិក្សាបូករួម​ទាំង​​ការតាំងចិត្តដ៏មោះមុតដែល​និស្សិត​​របស់យើង​បាន​ចំណាយទាំងពេលវេលា និង​កម្លាំងកាយចិត្ត ដើម្បី​សម្រេ​ច​ក្តីស្រមៃរបស់ពួកគេ គឺ​សុទ្ធតែជាសមិទ្ធផល​ដែលគួរឲ្យកោតសរសើរ​សម្រាប់​ពួកគេក្នុងនាមជានិស្សិតជ័យ លាភី។ លើសពីនេះទៀត ការបង្កើតកម្មវិធីនេះ​ឡើង គឺជាការបោះជំហានទៅមុខ​មួយ ជំហានទៀត ឆ្ពោះទៅកាន់ការចាប់ផ្តើមនៅ​ក្នុង​អាជីព​ការងារដែលសង្គម កំពុងត្រូវការនូវធនធាន​មនុ​ស្ស ដើម្បីការអភិវឌ្ឍន៍​នៅក្នុងប្រទេសរបស់យើង”។

ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងដោយបញ្ជាក់ដែរថា និស្សិត​​ដែលបានបញ្ចប់ការសិក្សា និងមានវត្តមានក្នុង​ពីធី​ប្រគល់សញ្ញាបត្រនេះ គឺជាសរសៃឈាមដ៏រឹងមាំក្នុង​ការពង្រឹងគុណភាព ទាំងផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជូនដល់ប្រជាជន​កម្ពុជា ទាំងមូល និងអាចនាំយក សមិទ្ធិផលជោគជ័យនៅពេល​នេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទៅ ថ្ងៃមុខ។

ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍ដោយ​បញ្ជាក់​​ថា​៖”និស្សិតដែលបញ្ចប់ការ​សិក្សានេះទៅ​ត្រូវ​ប្រើប្រាស់ចំណេះដឹង និងជំនាញ ជាពិសេសអភិក្រម គោរពខ្លួនឯង ,គោរពអ្នកដទៃ និង អភិវឌ្ឍសង្គម ដែល ទទួលបានពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដើម្បី​ចូលរួម​ក្នុងកិច្ចការអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីក​ចម្រើន ហើយ​ចាប់ពីពេលនេះតទៅ ក្មួយៗនឹងក្លាយជា​អ្នកជំ​នាញ ដែលនឹងត្រូវចូលរួមបំពេញការងារ​ជាក់​ស្តែង​នៅ​ក្នុងសង្គមតាមគ្រប់រូបភាព”។

ឯកឧត្តមសុខ ពុទ្ធិវុធ បានមានប្រសាសន៍ ដោយថ្លែង​ការ​កោតសរសើរដល់ថ្នាក់ដឹកនាំ គ្រប់រូប សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ដែលបាន ប្រឹងប្រែងបណ្តុះបណ្តាលប្រកប​ដោយ​គុណ​ភាព និងចីរភាព ដល់សិស្សនិស្សិត គ្រប់ៗរូបក្លាយជា​ធន​ធានដ៏មានសក្តានុពលក្នុង ការអភិវឌ្ឍប្រទេសជាតិ ស្របតាមគុណតម្លៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គោ​រព​ខ្លួន​ឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ហេង សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner