កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនង និង​កិច្ច ​សហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម បានឯកភាពគ្នា បន្តជំរុញទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្ដេចធិបតី និង​ឧបនាយករដ្ឋមន្ត្រីវៀតណាម នារសៀលថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដែលបានបង្ហោះ​លើបណ្ដាញសង្គម ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្ដេច​បវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និង​គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​​ការងារ នាឱកាសនេះ។

ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវ​សមិទ្ធ​​ផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និង​មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកប ដោយ​ភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរ​ធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏​ដូច​​​ជា ការអភិវឌ្ឍប្រទេសជាតិ កាន់តែរីក​ចម្រើនបន្ថែម​ទៀត។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា​​-វៀតណាម, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាន​សម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះ​ភាព​រីកចម្រើននៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគីដ៏ល្អប្រសើរ លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរ​ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់​គ​ណៈ​ប្រតិភូ នៃប្រទេសទាំងពីរ បានរួមចំណែកដល់​ការ​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដី​សោមនស្សរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តម​ឧបនា​យ​ក​រដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំ​ពេ​ញ​ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។

ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានសម្តែង​ការ​ចូល​រួមមរណទុក្ខ ជាមួយរដ្ឋាភិបាល និង ប្រជាជនវៀត​ណាម ចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យ​សម្បត្តិ​របស់ប្រជាជនវៀតណាម ដែលបណ្តាលមកពី​គ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ដោយការពេញចិត្ត និងរីករាយចំពោះវឌ្ឍនភាពដ៏ល្អ នៃទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំង បាន លេីកទឹកចិត្តដល់ក្រសួង -ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តជំរុញ ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែល្អប្រសេីរ បន្ថែម​ទៀត ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិ​ភា​ព មិត្តភាព និង វិបុលភាព។

សម្ដេចបវរធិបតី និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​វៀត​ណាម បានពិភាក្សាគ្នា អំពីការបន្តជំរុញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឱ្យកាន់​តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, អប់រំ​, សុខាភិបាល, វប្បធម៌, ទេសចរណ៍, ក៏ដូចជាការត​ភ្ជាប់​​ហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសទាំងពីរ សម្រាប់ជា​ឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner